រថយន្តសាំយ៉ុងមួយគ្រឿងធ្លាក់ផ្លូវរបួសមនុស្សធ្ងន់ស្រាល១៦នាក់
(សៀមរាប)៖ រថយន្តដឹកអ្នកដំណើរពីខេត្តត្បូងឃ្មុំទៅកាន់ក្រុងប៉ោយប៉ែតមួយគ្រឿង ដោយសារតែតៃកុងងងុយដេកពេក ក៏ងក់មួយភាំងបណ្តាលឲ្យធ្លាក់ផ្លូវរងរបួស មនុស្សធ្ងន់ និងស្រាល ១៦នាក់ នៅចំណុចផ្លូវជាតិលេខ៦បង្គោលភ្លើងលេខ០៩៩៣ ស្ថិតក្នុងភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៥និង០០នាទី ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយសាររថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2B-0069 ដឹកអ្នកដំណើរពីខេត្តត្បូងឃ្មុំទៅកាន់ក្រុងប៉ោយប៉ែតបើកបរពីទិសខាងកើតទៅទិសខាងលិច ដល់ចំណុចកើតហេតុបានបើកខុសផ្លូវទៅបុកគល់សង្កែបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងមធ្យម៣នាក់ (ស្រី៤នាក់) និងរងរបួសស្រាលចំនួន១២នាក់ (ស្រី៥នាក់ប្រុស៧នាក់) បណ្តាលឲ្យខូចខាត
រថយន្តមធ្យម។
អធិការនគរបាលស្រុកពួកបានឲ្យដឹងទៀតថា មូលហេតុដែលបង្កឲ្យរថយន្តធ្លាក់ផ្លូវនេះ បណ្តាលមកពីអ្នកបើកបរ បើកក្នុងស្ថានភាពងងុយដេកហើយងក់ តែអ្នកបើកបរពុំស្គាល់អត្តសញ្ញាណព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ កំលាំងនគរបាលជំនាញស្រុកបានចុះវាស់វែងកន្លែងកើតហេតុ កសាងកំណត់ហេតុនិងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពសសរស្តម្ភមន្ទីរពេទ្យបង្អែកពួក និងពេទ្យឯកជនក្នុងក្រុងសៀមរាប ៕
(ប្រភពពីផេករបស់អគ្គស្នងការនគរបាលជាតិ)
ដកស្រង់អត្ថបទដោយ៖ ព្រួញទេព