សោកស្តាយណាស់! ព្រឹទ្ធាចារ្យវិជ្ជាធម្មគរុ ទេព ផុន បានទទួលមរណភាព កាលពីថ្ងៃម្សិលម៉ិញ
ភ្នំពេញ៖ តាមទំព័រហ្វេសប៊ុករបស់ លេខាធិការដ្ឋានគណៈសង្ឃនាយកបានអោយដឹងថា ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ វិជ្ជាធម្មគរុ បានទទួលមរណភាព កាលពីថ្ងៃ២៦ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៣:២០នាទី ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ។ សពរបស់ព្រឹទ្ធាចារ្យកំពុងតម្កល់ធ្វើបុណ្យតាមពុទ្ធបវេណី នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នេះបើ
ព្រឹទ្ធាចារ្យ ទេព ផុន ជាគ្រូបង្រៀនច្រើនជំនាន់ ព្រមទាំងបានចូលបម្រើការងារក្នុងសារមន្ទីរជាតិ ក្នុងការថែរក្សារូបសំណាកឈើអស់ជាច្រើនឆ្នាំ។
តាមឯកសារ ជីវប្រវត្តិសង្ខេបរបស់បេក្ខជន “មរតកមនុស្សរស់” ដែលចងក្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានស្រុកកំណើតនៅ ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន កើតនៅថ្ងៃទី១៥ មេសា ឆ្នាំ១៩៤១។
ព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ មានចំណេះដឹងចេះចាំស្ទាត់ ខាងព្រះពុទ្ធសាសនា រួមមានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា ដោយអាចបំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ព្រះពុទ្ធឱវាទឱ្យដល់សប្បុរសជនទូទៅ។
ជាពិសេសឯកទេសជំនាញខាងការបង្រៀនមានបទពិសោធច្រើន ព្រមទាំងមានជំនាញប្រៀបធៀប(ទស្សនវិជ្ជា និងពុទ្ធសាសនា)។ លោកព្រឹទ្ធាចារ្យក៏មានជំនាញស្ទាត់ក្នុងការស្រាវជ្រាវឯកសារផ្សេងៗ មានពុទ្ធវិន័យ ពុទ្ធសាសនា និងសាសនាប្រៀបធៀប ។ល។
ការផ្ទេរចំណេះដឹងខាងទ្រឹស្ដី លើមុខវិជ្ជាខាងព្រះពុទ្ធសាសនា មានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា បំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ពុទ្ធឱវាទ ដល់សប្បុរសជនទូទៅ ជាពិសេសចំពោះសមណសិស្សដែលរៀនសូត្រក្នុងថ្នាក់ ព្រះត្រៃបិដកទាំង៣ ដែលជាប្រភពនៃទ្រឹស្ដី ក្នុងព្រះពុទ្ធសាសនា។
ព្រឹទ្ធាចារ្យបានរៀបរៀងផ្ទាល់ដៃនូវសៀវភៅ ព្រះពុទ្ធឱវាទសង្ខេប៣យ៉ាង សៀវភៅប្រវត្តិពុទ្ធសាសនាសង្ខេប សៀវភៅឯកសារពុទ្ធសាសនាសង្ខេប និងសៀវភៅពុទ្ធប្បវត្តិសង្ខេប (សម្រាប់គរុកោសល្យ) ព្រមទាំងមានសៀវភៅជាច្រើនទៀត៕