លោក គីម ជុងអ៊ុន ថា COVID-19 ទំនងជាបានចូលមកក្នុងប្រទេសកូរ៉េខាងជើងហើយ
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា COVID-19 ប្រហែលជាបានចូលមកក្នុងប្រទេសរបស់លោកហើយ បន្ទាប់ពីករណីសង្ស័យ COVID-19 ត្រូវបានរាយការណ៍ជាលើកដំបូងដោយអាជ្ញាធរទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០។
លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នៃការិយាល័យនយោបាយគណបក្សពលករកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ម្សិលមិញ និងត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃអាទិត្យនេះ។ KCNA បានឱ្យដឹងទៀតថា ករណីសង្ស័យពាក់ព័ន្ធនឹង COVID-19 នេះត្រូវបានរកឃើញ លើមនុស្សម្នាក់ ដែលបានរស់នៅនិរទេសខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងអស់រយៈពេល៣ឆ្នាំមកនេះ ហើយបានត្រឡប់មកកាន់កូរ៉េខាងជើងវិញ កាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅ ដោយឆ្លងកាត់ព្រំដែនអន្តរកូរ៉េដោយខុសច្បាប់។
បើសិនជាករណីសង្ស័យនេះត្រូវបានទទួលស្គាល់ជាផ្លូវការ នោះវានឹងក្លាយជាករណីឆ្លង COVID-19 ដំបូងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពី ជំងឺដ៏កាចសាហាវនេះឆ្លងរាតត្បាត កាលពីខែមករាមក។ បើតាម KCNA នៅក្នុងកិច្ចប្រជុំបន្ទាន់នោះ លោក គីម ជុងអ៊ុន ក៏បានប្រកាសភាពអាសន្ន និងបិទទីក្រុង Kaesong ស្ថិតនៅជាប់ព្រំដែនជាមួយកូរ៉េខាងត្បូងផងដែរ ដោយហៅការសម្រេចចិត្តនេះ គឺជាស្ថានការណ៍មួយដ៏សំខាន់ ដែលអាចនិយាយបានថា COVID-19 បានចូលមកក្នុងប្រទេសកូរ៉េខាងជើង ហើយ។
យ៉ាងណាក៏ដោយ កូរ៉េខាងជើង មិនទាន់បញ្ជាក់លម្អិតថាតើមនុស្សម្នាក់ដែលសង្ស័យឆ្លង COVID-19 បានទទួលការធ្វើតេស្ដ ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែ ឱ្យដឹងថារូបគេកំពុងស្ថិតនៅក្រោមការធ្វើចត្តាឡីស័កយ៉ាងតឹងរ៉ឹងជាទីបំផុត ខណៈអាជ្ញាធរកូរ៉េខាងជើង កំពុងបើកការស៊ើបអង្កេតរកអ្នកដែលអាចប៉ះពាល់ជាមួយ អ្នកជំងឺរូបនេះ៕