លោក ពេជ្រ ស្រស់ ៖ ក្រោយពីកិច្ចប្រជុំ តំណាងអាជីវករ និងភាគីពាក់ព័ន្ធបានយល់គ្នាបានចេញជាផលវិជ្ជមានពីកាតព្វកិច្ចការបង់ពន្ធ និងពង្រឹងក្នុងការបង់ពន្ធឲ្យមាននូវតម្លាភាព
(ត្បូងឃ្មុំ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តំណាងឲ្យប្រជាពលរដ្ឋចំនួន៧៤ គ្រួសារលក់សាច់ជ្រូកនៅក្នុងផ្សារសួងនៅឯខេត្តត្បូងឃ្មុំ ចូលជួបប្រជុំជាមួយអគ្គនាយករងអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងប្រតិនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិគ្រោះគ្នាជុំវិញពីការបង់ពន្ធលក់សាច់ជ្រូកនៅក្នុងផ្សារសួង ដែលកន្លងមកនេះ មានការផ្ទុះតវ៉ាពីប្រជាជនអាជីវករអ្នកកាប់សាច់ជ្រូកនៅទីនេះ ទាក់ទងទៅនឹងរឿងការបង់ពន្ធធ្វើអាជីវកម្មកាប់សាច់ជ្រូក។
នៅលើគណនេយ្យហ្វេសប៊ុកផ្លូវការរបស់លោក ពេជ្រ ស្រស់ បានសរសេរថា « នៅរសៀលនេះខ្ញុំ ពេជ្រ ស្រស់ បានដឹកនាំប្រតិភូរបស់គណបក្សយុវជនកម្ពុជា និងតំណាងអាជីវករ៧៤គ្រួសារ លក់សាច់ជ្រូកក្នុងផ្សារសួងនៅឯខេត្តត្បូងឃ្មុំ ចូលជួបប្រជុំជាមួយឯកឧត្តម កែន សម្បត្តិអគ្គនាយករងអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងប្រតិនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិគ្រោះគ្នាជុំវិញពីការបង់ពន្ធលក់សាច់ជ្រូកនៅក្នុងផ្សារសួង»។
លោកបានបន្តទៀតថា «ក្រុមអាជីវករអះអាងថាក្រុមខ្លួនបង់ពន្ធគ្មាននូវតម្លាភាព ប៉ុន្តែក្រោយពីកិច្ចប្រជុំចប់ គឺតំណាងអាជីវករ និងភាគីពាក់ព័ន្ធបានយល់គ្នាបានចេញជាផលវិជ្ជមានពីកាតព្វកិច្ចការបង់ពន្ធនិងពង្រឹងក្នុងការបង់ពន្ធឲ្យមាននូវតម្លាភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា»៕