មាន សូនីតា កំពុងតាមដានវែកមុខម្ចាស់ផេក ដែលប្រមាថកិត្តិយសខ្លួន ក្រោយពេលព្រមានចាត់វិធានការតាមផ្លូវច្បាប់

(ភ្នំពេញ) ៖ បន្ទាប់ពីមានការបង្ហោះចែករំលែកនូវរូបភាពភ្ជាប់ជាមួយពាក្យពេចន៍ប្រមាថកិត្តិយកនិងសេចក្តីថ្លៃថ្នូររបស់ខ្លួននៅលើផេកហ្វេសប៊ុកឈ្មោះថាAX official និង Entertainmentនោះ តារាសម្តែងស្រីរូបស្រស់កញ្ញា មាន សូនីតា បានប្រកាសព្រមានចាត់វិធានការ តាមផ្លូវច្បាប់ប្រសិនបើម្ចាស់ផេកនោះ មិនចេញមកសុំទោសនាងជាសាធារណៈ។

តារាសម្ដែងស្រី មាន សូនីតា បានបញ្ជាក់ថា កញ្ញាពិតជាមិនអាចទទួលយកបានទេ ចំពោះទង្វើដ៏គឃ្លើនរបស់បុគ្គលរូបនោះ។ ដូច្នេះហើយនាងត្រូវតែចេញមុខនិយាយនិងមានចំណាត់ការទៅតាមផ្លូវច្បាប់ ចំពោះសកម្មភាពមួយនេះ។ នាងថា ប្រសិនបើខ្ញុំអត់ធ្វើទេ ក៏គ្មាននណាហ៊ានធ្វើដែរលើករណីនេះ។ កញ្ញា មាន សូនីតា បានបន្តថា រឿងដែលខ្ញុំមិនអាចទទួលយកបាននោះ ហេតុអ្វីបុគ្គលរូបនេះ ហ៊ានយករូបខ្ញុំទៅកាត់តភ្ជាប់ជាមួយរូបគេផ្សេង ហើយសរសេរប្រើភាសាអាសអាភាសយ៉ាងនេះទៅវិញ? អ្នកគិតថា ប្រទេសគ្មានច្បាប់ឬយ៉ាងម៉េចដែរ? ហេតុអ្វីសុខៗស្រាប់តែមកធ្វើទង្វើបែបនេះទៅវិញឬគ្រាន់តែឃើញគេថតរូបស្អាតៗបង្ហោះបែរជាមកកាត់តរូបភាពយកទៅបង្ហោះ តាមតែអំពើចិត្តនឹកឃើញរបស់គាត់តែម្តង។

តារាស្រី មាន សូនីតា និយាយទៀតថា បច្ចុប្បន្ននាងកំពុងតែតាមដានម្ចាស់ផេកឈ្មោះ AX official ខាងលើនេះ ហើយគិតថាអាចរួចខ្លួនឲ្យសោះ ព្រោះខ្លួនក៏អាចដឹងថា ម្ចាស់ផេករូបនេះជានរណា ហើយតែងតែប្រព្រឹត្តទង្វើអ្វីខ្លះនាពេលកន្លងមក។ នាងបន្តថា មនុស្សខ្លះ សីលធម៌នៃការរស់នៅមិនសូវមាន ដែលពោរពេញដោយភាពឈ្លើយទាំងពាក្យសម្តីទាំងកាយវិការ។

ចំណែកឯមនុស្សខ្លះទៀត ហេតុតែចង់មានចង់បានខ្លាំងពេក រហូតបណ្តាលឲ្យបាត់បង់ភាពថ្លៃថ្នូរ ហ៊ានប្រព្រឹត្តទង្វើថោកទាប ដែលសង្គមស្អប់ខ្ពើម។ កុំព្រោះតែផលប្រយោជន៍ធ្វើឲ្យបាត់បង់សតិលែងដឹងខុសត្រូវ អាក្រក់ល្អ ក្លាយជាមនុស្សឆ្កួតវង្វេងបាត់ម្ចាស់ការលើខ្លួនឯង ដោយទង្វើដែលគេហៅថារោគចិត្ត ឬ មនុស្សឆ្លៀតឱកាសមនុស្ស ដែលមិនស្គាល់ច្បាស់ពីតម្លៃខ្លួនពិតប្រាកដ និងដឹងពីតម្លៃពិតស្ថិតនៅត្រង់ណា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds