ក្រសួងទេសចរណ៍ដាក់ចេញវិធានការ៥ចំណុច ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងឱកាសពលរដ្ឋឈប់សម្រាកខែក្រោយ

(ភ្នំពេញ) ៖ យោងតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ដែលកម្ពុជាថ្មីទើបទទួលបានណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវអនុវត្តនូវវិធានការទាំង៥ឲ្យបានប្រសិទ្ធភាពខ្ពស់ដូចជាបន្តអនុវត្តវិធានសុវត្ថិភាពការទេសចរណ៍ទាំង៦ឲ្យបានហ្មត់ចត់ ដូចជាវិធានសុវត្ថិភាពការទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅ វិធានសុវត្ថិភាពការទេសចរណ៍ភោជនីយដ្ឋាននិងអាហារដ្ឋានវិធានសុវត្ថិភាពការទេសចរណ៍ សម្រាប់ដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹកវិធានសុវត្ថិភាពការទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍និងវិធានសុវត្ថិភាពការទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍។

បន្តចូលរួមយកចិត្តទុកដាក់លើការផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ខាងលើដល់ប្រតិបត្តិករទេសចរណ៍ម្ចាស់មូលដ្ឋានអាជីវកម្មនិង នៅតាមគោលដៅទេសចរណ៍ទូទាំង២៥ រាជធានីខេត្ត។ត្រូវសហការជាមួយប្រតិបត្តិករទេសចរណ៍ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ពង្រឹងគុណភាពសេវាកម្មនិងផលិតផលទេសចរណ៍ ដោយអនុលោមតាមវិធានសុវត្ថិភាពទេសចរណ៍និងគោលការណ៍ណែនាំពីក្រសួងសុខាភិបាល ក្នុងដំណាក់កាលជំងឺកូវីដ-១៩ព្រមជាមួយនឹងការលើកកម្ពស់អនាម័យម្ហូបអាហារបរិស្ថាននិងការរក្សាតម្លៃកសិផលនិងសេវាកម្មឲ្យបានសមរម្យ។

ត្រូវសហការជាមួយអាជ្ញាធរដែនដីនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បន្ថែមលើការគ្រប់គ្រងគោលដៅទេសចរណ៍ប្រកបដោយ សន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈអនាម័យនិងទីចំណតរថយន្តភ្ញៀវទេសចរណ៍ឲ្យបានល្អប្រសើរនិងត្រូវសហការជាមួយអាជ្ញាធរដែនដីនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់លើការពិនិត្យនិងគ្រប់គ្រងកន្លែង ដែលងាយរងគ្រោះ នៅតាមកន្លែងកម្សាន្តនានានិងតាមតំបន់ឆ្នេរសមុទ្រនិងត្រូវរៀបចំក្រុមការងារ សម្រាប់សង្គ្រោះបន្ទាន់នៅតាមគោលដៅទេសចរណ៍នីមួយៗឲ្យបានល្អ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការកម្មករនិយោជិតរោងចក្រសហគ្រាសឈប់សម្រាកចំនួន៥ថ្ងៃគឺចាប់ពីថ្ងៃទី១៧ ខែសីហាដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងការឈប់សម្រាកពេលបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីខែមេសាឆ្នាំ២០២០កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds