ច្រកព្រំដែនអន្តរជាតិស្ទឹងបទ កម្ពុជា-ថៃ នឹងបើកអោយដំណើរការក្នុងពេលឆាប់ៗនេះ
(បន្ទាយមានជ័យ) ៖ ស្ថានទូតថៃប្រចាំកម្ពុជាសុំអោយបើកច្រកទ្វារអន្តរជាតិស្ទឹងបទជាបណ្តោះអាសន្នអោយបានឆាប់ ចំណែកកម្ពុជាថាបើកលឿនកាន់តែល្អ ។ នេះជាការលើកឡើងក្នុងឱកាសជួបសំណេះសំណាលរវាងមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជា និងមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២០ នៅច្រកអន្តរជាតិស្ទឹងបទ ស្ថិតភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យមានច្រកអន្តរជាតិចំនួន២កន្លែង រួមមាន ទី១-ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឆ្លងកាត់ដើម្បីការពារសណ្តាប់ធ្នាប់និងសន្តិសុខ ទី២-ច្រកទ្វារអន្តរជាតិស្ទឹងបទដែលគ្រោងបើកជាបណ្តុះអាសន្នសម្រាប់រថយន្តដឹកទំនិញឆ្លងកាត់ ។ ចំណែកច្រកតំបន់ចំនួន២កន្លែង រួមមាន ទី១-ច្រកទ្វារព្រំដែនម៉ាឡៃ ស្ថិតស្រុកម៉ាំឡៃ ទី២-ច្រកទ្វារព្រំដែនបឹងត្រកួន ស្រុកថ្មពួក។ លោកបានបញ្ជាក់ថា ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីមន្ត្រីស្ថានទូតថៃចំនួន១២រូប ដែលដឹកនាំដោយលោក ជីរ៉ាវុធ សុវណ្ណអាតជ ជាទីប្រឹក្សាពាណិជ្ជថៃប្រចាំកម្ពុជា ដែលជួបសំណេះសំណាលនិងចុះពិនិត្យការសាងសំណង់រដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបទគឺជម្រុញអោយកម្ពុជាបើកច្រកទ្វារអន្តរស្ទឹងបទជាបណ្តោះអាសន្នអោយបានឆាប់សម្រាប់ដឹកទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ។ ជាការឆ្លើយតបវិញ ខាងកម្ពុជាថា ភាគីថៃបើកកាន់តែលឿន កាន់តែល្អប្រសើរសម្រាប់សេដ្ឋកិច្ចរវាងប្រទេសកម្ពុជា-ថៃ។