ផ្សារទំនើបដ៏ធំមួយទៀតឈ្មោះ K Mall នឹងបើកដំណើរការនៅតំបន់ផ្លូវវេងស្រេង-ភ្នំពេញ នៅឆ្នាំក្រោយនេះ
(ភ្នំពេញ)៖ K Mall ជាផ្សារទំនើបដ៏ថ្មីមួយស្ថិតនៅលើមហាវិថី វេង ស្រេង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Urbanland។ ផ្សារទំនើបនេះនឹងបើកជូនសាធារណជនជាលើកដំបូងនៅឆ្នាំ ២០២១ខាងមុខនេះ។ K Mall មានជាង ៤០ ហាងដែលត្រៀមខ្លួនស្វាគមន៍អតិថិជន ក្នុងនោះរួមមានហាងទំនិញ និង ហាងអាហារធំៗជាច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយផ្ដល់ជូនអតិថិជននូវជម្រើសដ៏សម្បូរបែប។
អតិថិជននឹងត្រកអរក្នុងការដើរទិញទំនិញដ៏សម្បូរបែបទាំង ៣ ជាន់ក្នុងផ្សារទំនើប K Mall ដោយក្នុងនោះរួមមានហាងល្បីៗក្នុងស្រុកដូចជា ផ្សារទំនើប ឡាក់គី (Lucky Supermarket) ហាងសម្លៀកបំពាក់ ហ្សិនដូ (Zando) និងហាងស្បែកជើង ណាតា (Nata Footwear) ដែលសុទ្ធសឹងជាហាងយីហោធំៗដែលមានវត្តមានដំបូងគេនៅមហាវិថី វេង ស្រេង។ K Mall មិនត្រឹមតែជាផ្សារទិញឥវ៉ាន់ប៉ុណ្ណោះទេ វាក៏ជាកន្លែងសម្រាប់លម្ហែកាយផងដែរ។ អតិថិជនដែលនិយមញ៉ាំកាហ្វេនឹងរីករាយជាមួយវត្តមាន ប្រោន (Brown Coffee) ព្រោះហាងកាហ្វេក្នុងស្រុកដែលទទួលបានគាំទ្រយ៉ាងពេញទំហឹងនេះគ្រោងនឹងបើកសម្ពោធសាខាថ្មីបំផុតរបស់ខ្លួននៅច្រកចូលនៃផ្សារនេះផ្ទាល់តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ឡាក់គីបឺហ្គឺរ ( Lucky Burger) ក៏នឹងត្រៀមខ្លួនក្នុងការបម្រើជូននូវបឺហ្គឺរដែលមានរសជាតិឆ្ងាញ់ជាប់ចិត្តជូនដល់អតិថិជនផងដែរ។ សម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្ត ក៏អាចធ្វើការអញ្ជើញទៅទស្សនាភាពយន្តខ្នាតធំចុងក្រោយបង្អស់នៅរោងភាពយន្ត លេជេន (Legend Cinema) ដោយរួមមានទាំង Premium Hall និង Kids’ Hall។
ផ្សារទំនើប K Mall ស្ថិតនៅតាមបណ្តោយមហាវិថី វេង ស្រេង ដោយធ្វើដំណើរប្រមាណ ៥នាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និង ពីរង្វង់មូលចោមចៅ។ ផ្សារទំនើប K Mall គឺជាផ្នែកមួយនៃ KMH Park ដែលជាផែនការអភិវឌ្ឍថ្មីមួយរបស់ក្រុមហ៊ុន Urbanland ជាសមាជិកមួយរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP ។ ក្នុងដំណាក់កាលទី១ គម្រោងអភិវឌ្ឍលើទំហំដី ៦ ហិកតានេះរួមមាន ផ្ទះអាជីវកម្មទំនើបចំនួន៤០ខ្នង ផ្សារទំនើប K Mall កម្ពស់ ៣ ជាន់ អគារការិយាល័យកម្ពស់ ៩ ជាន់ តារាងបាល់ទាត់ និងសួនលម្ហែកាយ។ គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនូវកន្លែងមួយដែលពួកគាត់ អាចរស់នៅក៏បាន ធ្វើការក៏បាន និងលម្ហែកាយក៏បាន ជាលក្ខណៈសហគមន៍ចម្រុះមួយដែលជាបណ្ដុំនៃលំនៅឋាន ការិយាល័យពាណិជ្ជកម្ម កន្លែងលក់ដូរ និងសួនលម្ហែកាយធម្មជាតិ ក្នុងផែនការអភិវឌ្ឍចម្រុះដ៏ទូលំទូលាយមួយ៕