ចំណូលគយ និងពន្ធដារ ប្រមូលបានជិត៣ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២០នេះ
(ភ្នំពេញ)៖ បើទោះបីជាមានព្យុះភ្លៀងកូវីដ-១៩ បាននិងកំពុងបោកបក់ខ្លាំងមកសេដ្ឋកិច្ចកម្ពុជា រួមទាំងសកលលោកអស់រយៈពេលជាងកន្លះឆ្នាំទៅហើយក៏ដោយចុះ ប៉ុន្ដែបើមើលទៅលើប្រាក់ចំណូលដែលរាជរដ្ឋាភិបាលកម្ពុជាប្រមូលបានតាមរយៈអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆមាសទី១ នៃឆ្នាំ២០២០នេះ គឺមានរហូតដល់ទៅជិត៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ស្ថាប័នទាំងពីរនេះ។
បើតាមរបាយការណ៍បានឲ្យដឹងថា ចំណូលពន្ធដារ នៅ៦ខែដំបូងនៅឆ្នាំនេះ ប្រមូលបានដល់ទៅជិត ១.៧០០ លានដុល្លារអាមេរិក កើនឡើង ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ប៉ុន្ដែចំណូលគយវិញ ប្រមូលបានតែជិត ១.៣០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះជាង១៦%។ របាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ បង្ហាញថានៅរយៈពេល៦ខែ ដំបូងនៅឆ្នាំ២០២០នេះ ចំណូលពន្ធដារ នៅតែប្រមូលបានប្រមាណជិត ១ពាន់៧០០ លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៦០% នៃផែនការប្រចាំឆ្នាំ ធៀបនឹង ៦ខែដំបូងឆ្នាំ២០១៩ គឺមានការកើនឡើង១២%។ ក្នុងនោះ ចំណូលពន្ធដារ ២ ប្រភេទ នៅតែរក្សាបានកំណើនគួរឲ្យកត់សម្គាល់រួមមាន អាករលើតម្លៃបន្ថែមប្រមូលបានប្រមាណ ៣៣៦លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កើនឡើងជាង ៤,៨% និងពន្ធលើប្រាក់ចំណូលមាន ប្រមាណ ៦៥៧លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ កើនឡើងជាង២៣%។
ដោយឡែក បើក្រឡេកមកមើលចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករវិញ នៅក្នុងរយៈពេល៦ខែដំបូង នៅឆ្នាំ២០២០នេះ ប្រមូលបានប្រមាណជិត១.៣០០លានដុល្លារអាមេរិក ប៉ុន្ដែមានការថយចុះប្រមាណជាង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ តាមរបាយការណ៍គយ បានឲ្យដឹងទៀតថា ចំណូលដែលប្រមូលបាននៅក្នុងឆមាសទី១ នៅឆ្នាំនេះ គឺត្រូវជាប្រមាណជិត៤៤% នៃផែនការកំណត់ដោយច្បាប់។ ក្នុងនោះ ចំណូល ដែលបានមកពីមុខទំនិញយានយន្ដ បានថយចុះជិត៣២% គ្រឿងសំណង់ថយចុះ ជាង២៨% ខណៈដែលមុខទំនិញប្រេងឥន្ធនៈកើនឡើង៥,៥% និងមុខទំនិញចម្រុះផ្សេងទៀត កើនឡើងជាង៣%។ គួររំឭកដែរថា កាលពីឆ្នាំ២០១៩ បើបូកសរុបចំណូលដែលប្រមូលដោយគយ និងពន្ធដារ ឃើញថាមានដល់ទៅ ជាង៦ពាន់លានដុល្លារអាមេរិកឯណោះ។ ក្នុងនោះដែរ ពន្ធគយប្រមូលបានជាង៣ពាន់២០០ លានដុល្លារអាមេរិក កើនឡើង៣០%ធៀបនឹងឆ្នាំ២០១៨ និងមានលើសផែនការដែលបានកំណត់ប្រមាណ ៤២,៧%។ រីឯ ចំណូលពន្ធដារវិញ កាលពីឆ្នាំ២០១៩ ប្រមូលបាន២ពាន់៨០០លានដុល្លារអាមេរិក កើនឡើងលើសផែនការជាង ២៣% ហើយបើប្រៀបធៀបនឹងការបម្រូលចំណូលកាលពីឆ្នាំ២០១៩ គឺមានការកើនឡើងជាង២៨%៕