អតីតតារាចម្រៀង មូន ម៉ារ៉ា ប្រាប់ហេតុផលចាកចេញពីអាជីពសិល្បៈ

ភ្នំពេញ ៖ លោក មូន ម៉ារ៉ា បានឃ្លាតឆ្ងាយពីអាជីពសិល្បៈមានរយៈពេលយូរឆ្នាំមកហើយ ក្រោយពេលតារាប្រុសរូបនេះ បានសម្ងំសាងសុខភមង្គលគ្រួសារយ៉ាងមានសេចក្តីសុខ និងកក់ក្តៅបំផុតក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាច្រើនឆ្នាំកន្លងទៅនេះ។

ចំពោះការបាត់វត្តមានរបស់តារាចម្រៀងជើងចាស់លោក មូន ម៉ារ៉ា ពីវិថីសិល្បៈអស់មួយសន្ទុះធំនោះកន្លងមក បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនយល់ឃើញថា ប្រហែលជាលោក មូន ម៉ារ៉ាលាឈប់ទៅហើយ ប៉ុន្តែយ៉ាងណាមិញជារឿយៗនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក មូន ម៉ារ៉ា គេតែងឃើញតារារូបនេះ បានបញ្ចេញនូវស្នាដៃបទចម្រៀងថ្មីៗរបស់ខ្លួនបង្ហោះផ្សព្វផ្សាយ ដើម្បីរក្សាការគាំទ្រពីទស្សនិកជនផងដែរ។ ដោយឡែកងាប់មកចាប់អារម្មណ៍ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់តារាចម្រៀងលោក មូន ម៉ារ៉ា លើវិស័យសិល្បៈបច្ចុប្បន្នឯណេះវិញ លោកក៏បានទម្លាយពីមូលហេតុមួយចំនួន ដែលជាហេតុផលនាំឲ្យលោកព្រមទាំងអ្នកសិល្បៈខ្លះទៀត ចង់ដើរចេញពីអាជីពមួយនេះ។ លោក មូន ម៉ារ៉ា បានរៀបរាប់ឲ្យដឹងថា តាំងពីម្ភៃឆ្នាំមុនរហូតដល់ថ្ងៃនេះ ខ្ញុំនៅតែឮពាក្យថា ជួយសិល្បៈផង ជួយផលិតកម្មសិនទៅ ជួយទូរទស្សន៍សិនទៅ។

លោក មូន ម៉ារ៉ា បាននិយាយដោយសង្កត់ធ្ងន់ថា បើមើលមកដល់ថ្ងៃនេះ ថៅកែផលិតកម្មនិងថៅកែទូរទស្សន៍ខ្លះ មានកប់ពពកប្តូរឡានគ្រប់សេរីរាល់ឆ្នាំ តែអ្នកសិល្បៈ ដែលតែងតែជួយនោះហាក់គ្មានសល់អ្វីប៉ុន្មានទេ ខ្លះក៏ដុនដាបខ្លាំងទៀតផង។ មកដល់ពេលនេះ ការចូលរួមថតនិងសម្តែងផ្សេងៗនៅតែតម្លៃទាបដដែលដូចពីមុន និងកាត់ទឹកតែខ្លះមិនប្រួលប្រែ។ តារាប្រុសលោក មូន ម៉ារ៉ា បាននិយាយបន្ថែមទៀតថា ត្រង់ចំណុចនេះហើយ ទើបជាមូលហេតុ ដែលខ្ញុំចង់សម្រាកពីសិល្បៈ ទោះបីនៅស្រឡាញ់ក្តី តែខ្ញុំនៅតែរកពេលកំដរអារម្មណ៍បងប្អូនជានិច្ច។ មើលទៅមានតែរកកម្រៃពីការបាញ់ទឹកជ្រូកឲ្យគេ និងបាចចំណីមាន់ទាខ្លះទេ ទើបស្រួលចិត្តខ្លះតែបើចង់អញ្ជើញដោយការឲ្យតម្លៃនិងការងារសប្បុរសធម៌គឺពេញចិត្តជានិច្ច។ លោក មូន ម៉ារ៉ា ទោះបីជាអាជីពសិល្បៈរបស់លោកសព្វថ្ងៃស្ទើរបាត់មុខទាំងស្រុង ក្រោយពេលដាក់ខ្លួនចូលប្រឡូកលើវិស័យមួយនេះ យ៉ាងជោកជាំចាប់តាំងពីអំឡុងឆ្នាំ២០០០យ៉ាងក្តី ប៉ុន្តែសម្រាប់ប្រជាប្រិយភាពនិងការគាំទ្រតារាប្រុសរូបនេះ នូវតែរក្សាបានមិនចាញ់គ្រាដែលលោកកំពុងល្បីឈ្មោះនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds