របរចិញ្ចឹមក្រពើក្នុងស្ថានភាពទីផ្សារជួបវិបត្តិកូវីដ-១៩ ក៏នៅតែមានដំណើរការល្អ
(បាត់ដំបង) ៖ លោក ហេង ខុន ជាប្រជាពលរដ្ឋចំណូលថ្មីរស់នៅក្នុងភូមិស្លាកែត ក្រុងបាត់ដំបង បានរៀបរាប់ឲ្យដឹងថា នៅការសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមសត្វក្រពើដំបូងនេះ គឺជារបរបន្តវេនពីឪពុករបស់លោកបែបលក្ខណៈគ្រួសារនៅលើផែបឹងទន្លេសាប។
លោកថា ក្រោយមកលោកក៏បានកែប្រែទីតាំងពីការចិញ្ចឹមពីលើផែដែនទឹកមកចិញ្ចឹម នៅតំបន់ដែនគោកវិញ ហើយក្នុងដំណាក់កាលចិញ្ចឹមផ្តាច់មុខផ្ទាល់ខ្លួនរបស់លោកពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានលក្ខណៈល្អប្រសើរជាមួយនឹងភាពជោគជ័យរបស់លោកជាង៣០ឆ្នាំមកនេះ ក៏ជាកម្លាំងចិត្តបានជំរុញឲ្យលោកពង្រីកទំហំកសិដ្ឋានបង្កើនចិញ្ចឹមក្រពើបន្ថែមទៀត ដែលមានសត្វក្រពើប្រភេទធំមានរហូតដល់ជាង១០០០ក្បាល ក្នុងនោះក្រពើមេមានចំនួនជាង៧០០ក្បាល និងក្រពើឈ្មោលមានចំនួន៣០០ក្បាល។ លោកបន្តថា បច្ចុប្បន្នលោកបានចិញ្ចឹមតាមរបៀបភ្ញាស់លក់កូនវាបានហុចផល ក្នុងមួយសារស្មើនិងមួយឆ្នាំក្រពើមេមួយក្បាលពងបានចាប់ពី២០ដល់៣០ក្បាល ហើយក្នុងមួយឆ្នាំលោកទទួលបានកូនក្រពើសរុបចាប់ពី ៩ ០០០ទៅដល់១០ ០០០ក្បាល។ ចំពោះកូនក្រពើ ដែលបានហុចផលទាំងអស់ ក៏ទទួលបានទីផ្សារធំទូលាយផងដែរ លោកមិនបារម្ភនោះទេ ដោយសារមានម៉ូយបញ្ជាទិញអស់ភ្លាមៗមិនដែលសល់នោះទេ។ ចំពោះតម្លៃលើទីផ្សារវិញកូនក្រពើមួយក្បាលលក់បានតម្លៃចាប់ពី២២ទៅ២៣ដុល្លារអាមេរិក ក្នុងនោះទូទាត់សេវាកម្មករនិងការចំណាយលើនុយឬចំណីរាប់សិបតោន ក្នុងមួយឆ្នាំៗអាចផ្តល់ប្រាក់ចំណូលបានច្រើនសមរម្យបានផ្លាស់ប្តូរកម្រិតជីវភាពគ្រួសាររបស់លោកឲ្យប្រសើរឡើងជាបន្តបន្ទាប់ក្នុង១ឆ្នាំៗ។
លោកបន្តថា បើទោះបីនាពេលបច្ចុប្បន្ននេះ មានទីផ្សារទើបតែបានល្អឡើវិញក្តីក៏បានជួបវិបត្តិខ្លះដែរ ខណៈវិបត្តិសេដ្ឋកិច្ចពិភពលោករយៈពេល៣ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យទីផ្សារក្រពើធ្លាក់ទាបយ៉ាងខ្លាំង ដែលមិននឹកស្មានដល់រហូតដល់ដើមឆ្នាំ២០២០កន្លងទៅនេះ កូនក្រពើចាប់ផ្តើមលែងមានទីផ្សារលក់ ដោយបង្ខំកូនក្រពើមួយក្បាលលក់បានតម្លៃត្រឹមតែជាង១ដុល្លារអាមេរិកប៉ុណ្ណោះ ធ្វើឲ្យប្រជាពលរដ្ឋអ្នកចិញ្ចឹម ដែលធ្លាប់ជោគជ័យបែរជាខកចិត្តព្រោះបង់ខាតថវិកាជាច្រើនទូទាត់តែលើសេវាកម្មករនិងចំណីក៏មិនរួចខ្លួនផង។ លោកថាចុងក្រោយពួកលោក ក៏បានអំពាវដល់ក្រសួងឬមន្ទីរដែលពាក់ព័ន្ធទាំងអស់ ជួយជំរុញនិងជួយរកទីផ្សារឲ្យពួកគាត់ផងពុំនោះទេ ប្រជាពលរដ្ឋអាចប្រឈមនឹងការបាត់បង់ប្រាក់ចំណូលឬក៏បោះបង់មុខរបរបុរាណខាងលើនេះជាក់ជាមិនខាន។ ពាក់ព័ន្ធនឹងមុខរបរខាងលើលោកជួង សុភានាយខណ្ឌជលផលបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នក្នុងខេត្តបាត់ដំបងប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមក្រពើមានកសិដ្ឋានសរុបចំនួន៤៤ ក្នុងនោះកសិដ្ឋានចិញ្ចឹមរបស់រដ្ឋមានចំនួន០១ទីតាំងនិងកសិដ្ឋានចិញ្ចឹមឯកជនមានចំនួន៤៣ទីតាំង។ លោកថា ចំពោះតម្លៃក្នុងទីផ្សារធ្លាក់ទាបមានកត្តាច្រើនពាក់ព័ន្ធដូចជាបញ្ហាកូវីដ-១៩ បញ្ហាទីផ្សារប្រទេសថៃបិទរោងចក្រផលិតចំណីអាហារបណ្ដោះអាសន្ននិងមួយផ្នែកទៀត ដោយសារបញ្ហាទំនាក់ទំនងទីផ្សារធំក្រៅប្រទេសរវាងប្រទេសវៀតណាមនិងប្រទេសចិន តែបច្ចុប្បន្នអ្នកចិញ្ចឹមមានសន្ទុះទីផ្សារល្អឡើងវិញហើយ៕