សម្តេចតេជោ ហ៊ុន សែន៖ ការនាំអង្ករឲ្យបាន១លានតោនក្នុងមួយឆ្នាំនៅតែជាវិស័យអាទិភាព
(តាកែវ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថាគោលនយោបាយនូវការនាំអង្ករឲ្យបាន១លានតោន ក្នុងមួយឆ្នាំ និងគោលនយោបាយពាណិជ្ជកម្មនៅតែជាគោលការណ៍ទិដ្ឋភាពរបស់រាជរដ្ឋាភិបាល ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកព្រៃកប្បាសនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងបញ្ជាក់ថា នាពេលកន្លងមកកម្ពុជាមិនទាន់សម្រេចបានក្នុង១ឆ្នាំ នាំអង្ករចេញ១លានតោនទៅក្រៅប្រទេស ហើយការនាំចេញអង្ករ១លានតោនរបស់កម្ពុជានៅតែជាគោលបាយ អាទិភាពដដែល ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «គោលនយោបាយផលិតស្រូវ និងការនាំចេញអង្ករឲ្យបានជាង១លានតោន នៅតែជាគោលដៅអាទិភាពរបស់យើង ដែលត្រូវបន្ដជាមួយនឹងគោលនយោបាយឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥»។ ជាមួយគ្នានោះដែរ សម្ដេចតេជោ រំលឹកថា នៅពេលដាក់ចេញគោលបាយ កសិកម្មផលិតស្រូវ និងការនាំចេញអង្កររបស់ កម្ពុជានៅពេលនោះកម្ពុជាមានស្រូវ តិចតួចណាស់ ។ សម្ដេចក៏បានលើកឡើងថា ហើយពេលនោះឥណ្ឌាបានផ្ដល់អង្ករមកកម្ពុជាជាង២ ម៉ឺនតោន កាលពីឆ្នាំ២០០២ ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន ស្របពេលដែលកម្ពុជា ជួបគ្រោះរាំងស្ងួត បន្ទាប់មកកម្ពុជាក៏បានជួបគ្រោះទឹកជំនាន់ឆ្នាំ២០០១ និងគ្រោះរាំងស្ងួត ឆ្នាំ២០០២ ។
សម្ដេចតេជោ បន្ដថា នៅពេលកម្ពុជាដាក់ចេញគោលនយោបាយផលិតស្រូវ និងការនាំចេញអង្ករ ហើយនៅពេលនោះអង្ករ និងស្រូវកម្ពុជាក៏បានចាប់ផ្ដើមសល់ផងដែរ ។ សម្ដេចថា នៅចុងឆ្នាំ២០១៩ កម្ពុជាសល់ស្រូវ៦លានតោន បើគិតជាអង្ករវិញ ប្រមាណជា៤លានតោន។ នាយករដ្ឋមន្ដ្រី បញ្ជាក់ថា ដើម្បីឈាន់ទៅដល់ការសម្រេចបាន នាំអង្ករចេញទៅក្រៅប្រទេស១លាន តោន មិនមែនធ្វើស្រូវរបៀបចាស់ទៀតឡើយ ត្រូវធ្វើស្រូវតាម បច្ចេកវិទ្យាទំនើប ។ សូមជម្រាបថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបាន១លានតោន ក្នុង១ឆ្នាំ នៅឆ្នាំ២០១៥ ៕