ក្រសួងអប់រំយុវជននិងកីឡា គ្រោងដាក់កម្មវិធីសមាធិក្នុងកាលវិភាគហ្វឹកហាត់ប្រចាំសប្តាហ៍របស់ក្រុមកីឡាករជម្រើសជាតិ និងយុវជនគ្រប់ប្រភេទកីឡា
ការធ្វើសមាធិជាផ្នែកមួយក្នុងការជួយពង្រឹងស្មារតី និងសតិអារម្មណ៍របស់កីឡាករ។ គម្រោងនេះ ត្រូវបានបង្ហើបឲ្យដឹងក្នុងកិច្ចប្រជុំត្រួតពិនិត្យសមាសភាពគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ ដែលត្រូវប្រមូលផ្តុំហ្វឹកហាត់ជម្រើសជាតិប្រចាំឆ្នាំ២០២០។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា លោក នឹងសហការជាមួយលោក សុប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដើម្បីបង្កើតវគ្គសិក្សាខ្លីៗស្តីពីការធ្វើសមាធិ។ ហើយ លោក គ្រោងដាក់កម្មវិធីធ្វើសមាធិនេះ ក្នុងកាលវិភាគហ្វឹកហាត់របស់ក្រុមយុវជនថ្នាល និងក្រុមជម្រើសជាតិ។
លោក ស សុខា បានអោយដឹងថា «ខ្ញុំនឹងធ្វើការជាមួយលោក ស៊ុប៉ាឆៃ ដើម្បីបង្កើតវគ្គខ្លីៗ និងទៅរៀនពីគាត់ ដើម្បីធ្វើតាម។ ទាល់តែយើងបានចូលរួម(សមាធិ) ខ្លួនឯងទើបដឹងថាប្លែក ហើយពេលចេញមកនៅក្នុងខ្លួននៅឈឺ តែមានអារម្មណ៍មួយអត់ដឹងឈឺ យើងចង់បានអ៊ីចឹង។ ខ្ញុំគិតថា ក្នុងវិស័យកីឡា មិនមែនតែបាល់ទាត់ គឺកីឡាផ្សេងៗទៀត អាចធ្វើការតាំងសមាធិ យើងនឹងរៀបចំពាក់ព័ន្ធបញ្ហានឹង»។
គម្រោងដាក់ការតាំងសមាធិក្នុងកម្មវិធីហ្វឹកហាត់របស់ក្រុមយុវជនថ្នាល និងជម្រើសជាតិនេះ ដ្បិត លោក យល់ថា ការធ្វើសមាធិជាផ្នែកមួយក្នុងការរួមចំណែកជួយអភិវឌ្ឍផ្នែកស្មារតី បន្ថែមលើការពង្រឹងផ្នែកបច្ចេកទេសរបស់កីឡាករ។ តាមគម្រោង លោកគ្រោងដាក់ឲ្យមានរយៈពេល១ថ្ងៃក្នុងមួយសប្តាហ៍។
លោក សុប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ធ្លាប់អះអាងកន្លងមកថា ការធ្វើសមាធិនឹងធ្វើឲ្យកីឡាករមានចិត្តស្ងប់ អារម្មណ៍ស្រស់ថ្លា និងប្រាជ្ញាវាងវៃ ពិសេសជួយបង្កើតស្មារតីកីឡាករឲ្យមានប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រកួត។ ការធ្វើបែបនេះ ក៏ជាការរួមចំណែកកាត់បន្ថយភាពខឹងក្រោធរបស់កីឡាករពេលជួបបញ្ហាបានមួយកម្រិតផងដែរ។
តាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា សមាធិ គឺជាដំណើរតាំងស៊ប់មាំនៃចិត្ត, ការចុះចិត្តស៊ប់ ឬស្លុងចិត្តក្នុងគន្លងអារម្មណ៍ ដែលរំពឹង, ការនឹករំពឹងស្លុងចិត្ត ឬដំណើរស្លុងចិត្តស៊ប់នៅក្នុងអង្គឈានជាដើម៕