សម្តេចតេជោ បញ្ជាឱ្យបន្តរកគ្រួសារក្រីក្របន្ថែមទៀត ខណៈក្នុងខែកក្កដានេះ បានរកឃើញប្រមាណ ៥ម៉ឺនគ្រួសារបន្ថែមទៀត

តាកែវ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងពាក់ព័ន្ធ បន្តរុករកគ្រួសារក្រីក្របន្ថែមទៀត ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជ រដ្ឋាភិបាល អំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។

ការជំរុញនេះ បានធ្វើឡើងខណៈដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ២១ ខែកក្កដានេះ បានអញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងខែកក្កដានេះ ចំនួនគ្រួសារក្រីក្រដែលត្រូវទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល បានកើនពីចំនួនជាង ៥៦ម៉ឺនគ្រួសារ ដល់ ៦១ម៉ឹន គ្រួសារ មានន័យថា បានរកឃើញគ្រួសារក្រីក្រចំនួនប្រមាណ ៥ម៉ឺនគ្រួសារបន្ថែម។ ដោយឡែក ការចំណាយថវិកាឧបត្ថម្ភសម្រាប់គ្រួសារក្រីក្រ បានកើនពីជាង ២៤លានដុល្លារ ដល់ជាង ២៨លានដុល្លារអាមេរិកក្នុងមួយខែ។ 

សម្តេចតេជោ ហ៊ុន សែន កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងនៅតែបន្តអនុវត្ត រហូតវិបត្តិកូវីដ១៩ ត្រូវបានដោះស្រាយ ហើយត្រូវបន្តរុករកគ្រួសារក្រីក្រ ដែលត្រូវផ្តល់ថវិកាឧបត្ថម្ភ អំឡុងពេលនៃវិបត្តិនេះបន្ថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds