ខេត្តសៀមរាបរំពឹងភ្ញៀវទេសចរជាតិនឹងសម្រុកមកកម្សាន្តថ្ងៃឈប់សម្រាកខាងមុខ

(សៀមរាប) ៖ ថ្នាក់ដឹកនាំខេត្តសៀមរាបបានបង្ហើបឲ្យដឹងថា នៅថ្ងៃឈប់សម្រាកដែលមានរយៈពេល ៥ ថ្ងៃដែលរាជរដ្ឋាភិបាលបានសម្រេចសងជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងមក ខេត្តនឹងមានរៀបចំធ្វើនូវកម្មវិធីជាច្រើន ទៅតាមបែបសាសនា និង កីឡា ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ រយៈពេល២ថ្ងៃ ក្នុងគោលដៅទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ។ នេះជាការលើកឡើងរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ។

លោកអភិបាលខេត្តបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០ កាលពីថ្ងៃទី ១៩ ខែ កក្កដា ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកអភិបាលខេត្តបានមានប្រសាសន៍ថា «នៅថ្ងៃឈប់សម្រាក់សងពេលចូលឆ្នាំនោះ នឹងមានរៀបចំធ្វើនូវ កម្មវិធីនៅខេត្តសៀមរាប ទៅតាមបែបសាសនា និង កីឡា ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ ដែលមានរយៈពេល២ថ្ងៃ ក្នុងគោលដៅទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត»។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា នៅខែសីហាខាងមុខនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតអោយមន្ត្រីរាជការ និយោជិត និងកម្មករឈប់សម្រាករយៈពេល៥ថ្ងៃ ដូចនេះខេត្តនិងអាជីវករដែលជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានត្រៀមទទួលភ្ញៀវទេសរជាតិ ទោះបីស្ថានភាពភ្ញៀវទេសចរអន្តរជាតិពុំទាន់មានការកើនឡើងក៏ដោយ តែទោះជាយ៉ាងណាត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបានគ្រប់គ្រងស្ថានភាពនៃជម្ងឺកូវីដ១៩ បានល្អតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល និង បន្តរឹតបន្តឹង ពិនិត្យតាមដានជាប្រចាំ ប្រជាពលរដ្ឋមកពីក្រៅប្រទេស និង យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង អនុវត្តបទបញ្ជា សេចក្តីណែនាំ និង ផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ដោយមានកិច្ចសហការជា ប្រចាំរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ជាមួយរដ្ឋបាលមូលដ្ឋាន និង សមត្ថកិច្ចពាក់ព័ន្ធ ក្នុងរៀបចំវេទិកាសាធារណៈ ព្រមទាំងដោះស្រាយបានទាន់ពេលវេលា នូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ស្របតាមគោលដៅ ផែនការដាក់ចេញក្នុងឆ្នាំ២០១៩កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds