ក្រសួងទេសចរណ៍ហាមមិនឲ្យអាជីវកម្មទេសចរណ៍ទាំងអស់ដំឡើងថ្លៃទំនិញ ក្នុងឱកាសពលរដ្ឋឈប់សម្រាករយៈពេលវែងនាខែក្រោយ
(ភ្នំពេញ) ៖ លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះថា នៅដើមសប្តាហ៍ក្រោយនេះ ក្រសួងទេសចរណ៍នឹងចេញសេចក្តីណែនាំពិសេសមួយសម្រាប់ណែនាំដល់អាជីវកម្មទេសចរណ៍សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍និង អាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹកកុំឲ្យដំឡើងថ្លៃទំនិញ នៅក្នុងឱកាស ដែលប្រជាពលរដ្ឋឈប់សម្រាប់រយៈពេលវែងនាខែក្រោយនេះ។
ការចេញសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍នេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្ត្រីរាជការកម្មករនិយោជិតរោងចក្រសហគ្រាស ឈប់សម្រាកចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ខែសីហាដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងការឈប់សម្រាកពេលបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីខែមេសាឆ្នាំ២០២០កន្លងទៅ។ លោក ជុក ជំនៀរ បានបន្តថា ក្រៅពីនេះ នៅក្នុងសេចក្តីណែនាំនោះក្រសួងនឹងធ្វើការណែនាំដល់អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវរក្សាអនាម័យនិងបរិស្ថានឲ្យបានស្អាត ដើម្បីទទួលបានក្ដីទុកចិត្តពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាផ្ដល់ភាពកក់ក្ដៅចំពោះភ្ញៀវទេសចរជំរុញឲ្យពួកគេចាប់អារម្មណ៍ចំពោះគោលដៅទេសចរកម្ពុជា នៅពេលចប់វិបត្តិកូវីដទៅផងដែរ។ ជាមួយគ្នានេះដែរ ក្រសួងបានណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តត្រូវចុះផ្សព្វផ្សាយពីគោលការណ៍ឬវិធានការរបស់ក្រសួងសុខាភិបាល នៅតាមគោលដៅទេសចរណ៍នានាដូចជា ត្រូវមានទឹកអាកុលឬជែល សម្រាប់ភ្ញៀវលាងសំអាតដៃនិងណែនាំឲ្យភ្ញៀវពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា ដើម្បីការពារពីការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងក៏បានណែនាំដល់មន្ទីរទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបានខេត្តរបស់ខ្លួន ដើម្បីដាក់រថយន្តសង្គ្រោះ នៅតាមតំបន់ទេសចរណ៍និងរមណីយដ្ឋានទេសចរណ៍នានា ដើម្បីធានាសុខសុវត្ថិភាពនិងជួយសង្គ្រោះដល់ភ្ញៀវទេសចរ ពេលមានជួបបញ្ហាសុខភាពផ្សេងៗ។
លោកបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹង ថាបច្ចុប្បន្នចលនាភ្ញៀវទេសចរក្នុងស្រុក មានការងើបឡើងវិញគួរឲ្យកត់សម្គាល់ ប៉ុន្តែទាំងអស់គ្នាមិនត្រូវភ្លេចខ្លួនចំពោះបញ្ហានៃការរីករាលដាលជំងឺកូវីដនេះឡើយ ពោលគឺត្រូវបន្តការចូលរួមទប់ស្កាត់ការរីករាលដាលនេះតទៅមុខទៀត ព្រោះគ្មានអ្នកណាស្មានត្រូវនោះទេ ហើយក៏ពុំទាន់មានវ៉ាក់សាំង សម្រាប់បង្ការជំងឺនេះនៅឡើយដែរ។ លោករដ្ឋមន្ត្រីចង់ឲ្យអាជីវកម្មទេសចរណ៍ធំៗនៅកម្ពុជា អាចធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនបានផង ហើយត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះ ប្រកបដោយប្រសិទ្ធភាពបានផង៕