សម្តេច ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន China Railway International Group., Ltd ក្រោមក្របខណ្ឌសាងសង់-ធ្វើអាជីវកម្ម។
យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មការអន្ដរក្រសួង មានចំនួន ១៧រូប ដឹកនាំដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ កាលពីឆ្នាំមុន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង រួមជាមួយនឹងក្រុមអ្នកជំនាញចុះពិនិត្យមើលស្ថានភាពកកស្ទះចរាចរណ៍ផ្លូវជាតិលេខ១ ឋិតនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត រវាងកម្ពុជា និងវៀតណាម ដោយមានការចូលរួមពីឯកឧត្តម Nguyen Van The រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម តំណាងក្រសួងការបរទេស តំណាងក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីពាក់ព័ន្ធផងដែរ។
ការចុះពិនិត្យនេះធ្វើឡើងដើម្បីឆ្លើយតប ក៏ដូចជារិះរកនីតិវិធីដោះស្រាយបញ្ហាកង្វល់របស់វិស័យឯកជន ទាក់ទងនឹងការកកស្ទះចរាចរណ៍នៃរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងកម្ពុជានិងវៀតណាម ដើម្បីអាចដឹកជញ្ជូនទំនិញ និងវត្ថុធាតុដើមយកទៅផលិត និងនាំចេញបានទាន់ពេលវេលា៕