មន្ត្រីធនធានទឹក ជួយសង្រ្គោះស្រូវជាង ៥០០ ហិកតា នៅស្រុកក្រឡាញ់ ខេត្ដសៀមរាប
(សៀមរាប)៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា ជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប និងជាអនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានបន្តដឹកនាំការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវដែលកំពុងខ្វះខាតទឹក ស្ថិតក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់។
ឯកឧត្ដម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ស្រូវដែលខ្វះទឹកនេះ មានប្រមាណជាង៥០០ហិកតា។ ការបូមទឹកនេះ អ្នកជំនាញបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន០៤គ្រឿងនិងអ៊ិសស្កាវាទ័រចំនួន០៣គ្រឿង ដើម្បីកាយប្រឡាយទឹកផងដែរ។ ឯកឧត្ដមបានបន្ដថា ទឹកដែលបានដាក់ស្រែនេះ ត្រូវបាននាំយកមកពីខេត្ដឧត្ដរមានជ័យដែលមានចំង៉ាយប្រមាណ៤០គីឡូតាមស្ទឹងស្រែង ចាប់តាំងពីថ្ងៃទី១៤ខែកក្កដាមកម្លេះ ហើយស្រូវដែលខ្វះទឹកស្រោចស្របនេះ ត្រូវបញ្ចូលទឹករយៈពេលមួយសប្ដាហ៍ ទើបអាចជួយសង្គ្រោះ ស្រូវដែលបានប្រឈមនឹងខូចខាតនោះបាន អោយមានភាពល្អប្រសើរជាងមុន។ ឯកឧត្ដមបានបន្ដថា ក្រោយពេលកម្លាំងក្រសួង និងមន្ទីរធនធនាទឹក និងឧតុនិយមខេត្ដសៀមរាប បានសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ដើម្បីជួយបូបទឹកដាក់ស្រែហើយនោះឃើញថាស្រូវវស្សាទាំងនោះនឹងអាចផ្ដល់ទិនផល់ស្រូវអោយប្រជាពលរដ្ឋជាធម្មតា។
លោក ស្រឹប សារៀម តំណាសហគមន៍ប្រើប្រាស់ទឹកស្ពានស្រែង ត្រពាំងអំបិល ស្រុកក្រឡាញ់ខេត្ដសៀមរាប លោកបានមានប្រសាសន៍ថា ស្រូវដែលជួបគ្រោះរាំងស្ងួតនេះ មានរយៈពេលមួយសប្ដាហ៍មកហើយ ដោយសារមិនមានភ្លៀងធ្លាក់។លោកបានបន្ដថា ស្រូវប្រជាពលរដ្ឋទាំងនោះ បើសិនមិនមានការជួយអន្ដរាគមន៍ពីក្រសួងនិងមន្ទីរធនធានទឹកនាំទឹកមកពីប្រភពខាងលើនោះទេ ស្រូវប្រជាកសិករអាចនឹងខូចខាតព្រោះថារដូវវស្សាទៅហើយបែជាមិនមានភ្លៀងធ្លាក់ស្រោចស្រប់ស្រូវស្រែគ្រប់គ្រាន់ទៅវិញ។តំណាងសហគមន៍រូបនោះ ក៍បានថ្លៃងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ជាពិសេសក្រសួងធនធានទឹក និងឧតុនិយមដែលបានយកចិត្ដទុកដាក់ក្នុងបូបទឹកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋនៅតំបន់បានទាន់ពេលវេលា៕