អង្គការសុខភាពពិភពលោក កោតសរសើរការទប់ស្កាត់ជំងឺកូវីដ-១៩ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសកម្ពុជា
(ភ្នំពេញ) ៖ ប្រធានអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន (Li Ailan) បានកោតសរសើរដល់កម្ពុជាដែលទប់ស្ការ់កូវីដ១៩យ៉ាងមានប្រសិទ្ធភាព។ ការឡើងឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្តរប្រវេសក៍ ដែលវិលត្រឡប់ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នាទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍យ៉ាងនេះថា “កាលពីសប្ដាហ៍មុន ខ្ញុំមានកិត្តិយស ដែលបានចុះធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និង សៀមរាប ជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដើម្បីពិនិត្យមើលដោយផ្ទាល់អំពីរបៀបដែលខេត្តនីមួយៗ បាននិងកំពុងរៀបចំត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រ ចំពោះ ឯកឧត្ដមអភិបាលខេត្តទាំងបីផងដែរ”។
លោកស្រីបន្ដថា ការត្រៀមលក្ខណៈ និងការឆ្លើយតបក្នុងមូលដ្ឋាននេះ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានជោគជ័យ។ លោកស្រីបានឃើញ រួចមកហើយនូវវឌ្ឍនភាពដ៏សម្បើម និងតម្លៃនៃកិច្ចសហការពហុវិស័យ ព្រោះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវិនិយោគទៅលើទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយភាពជឿជាក់ រវាងដៃគូនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងជាប់ជានិច្ច។ ដូច្នេះត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំជាដើម។ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕