សម្តេចតេជោ ហ៊ុន សែន ស្នើអាជ្ញាធរបង្កើតសហគមន៍អ្នកចិញ្ចឹម ត្រី កង្កែប ងាយស្រួលតតាំងថ្លៃជាមួយឈ្នួញ
(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធរួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់បងប្អូនសហគមន៍អ្នកចិញ្ចឹមត្រី កង្កែប ដើម្បីធ្វើងាយស្រួលកំណត់តម្លៃលក់ត្រី ។
បន្ទាប់ពីសួរនាំកសិករអ្នកប្រកបរបចិញ្ចឹមត្រី នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅពេលបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីក៏ដូចជា សំណេះសំណាល ជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលើកឡើងពីបញ្ហារបស់ប្រជាកសិករចិញ្ចឹមត្រីលើបញ្ហាតម្លៃថោក នៅពេលទទួលផល ថាចំណុចនេះអាជ្ញាធរពាក់ព័ន្ធគួរបង្កើតឲ្យសហគមន៍អ្នកចិញ្ចឹមត្រី ដើម្បីធ្វើការតវ៉ាជាមួយឈ្នួញទិញត្រី ។
សម្តេចបន្តថា បើសិនប្រជាកសិករលក់ត្រីដោយខ្លួនឯងនោះ ឈ្នួញពិបាកឲ្យតម្លៃព្រោះអ្នកខ្លះលក់ថ្លៃ អ្នកខ្លះថោកដែលធ្វើឲ្យឈ្នួញពិបាកចូលទិញ ដូច្នេះគួរបង្កើតសហគមន៍មួយ ដើម្បីលក់ត្រីមានភាពងាយស្រួល ។ បន្ទាប់ពីសួរពីចំណុចពិបាក និងស្រួលរបស់កសិករចិញ្ចឹមត្រី សម្តេចតេជោក៏បានលើកឡើងថា ការចិញ្ចឹមត្រីទទួលបានផលច្រើនជាងការធ្វើស្រែ ដោយមានការចំណេញច្រើនគួរសម ដោយធ្វើការលើផ្ទៃដីប្រហាក់ប្រហែលគ្នា ។
នៅចំពោះមុខ សម្តេចតេជោ ប្រជាកសិករអ្នកចិញ្ចឹមបានសម្តែងក្តីបារម្ភ គឺបញ្ហាទឹក ដោយសារគាត់បានប្រើប្រាស់ទឹកអណ្តូង សម្រាប់ចិញ្ចឹមត្រីដែលបណ្តាឲ្យត្រីងាប់ ។ ចំណុចទឹកសម្តេចបានឲ្យរដ្ឋមន្ត្រីក្រសួងធនធានទឹកធ្វើការសិក្សាដើម្បីទិញដីធ្វើការជាកន្លែងស្តុបទឹក រួចហើយឲ្យប្រជាកសិករបូមទឹក នឹងទៅប្រើប្រាស់ផងដែរ ៕