ហាងអ៊ិនធឺណេតគ្មានយីហោ តាមបណ្ដោយផ្លូវ២៦៥ បង្កប់ល្បែងសុីសងតាមប្រព័ន្ធonline ២៤ម៉ោងលើ២៤ម៉ោង កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរយ៉ាងរលូនមិនខ្លាចញញើតសោះ!
ភ្នំពេញ៖ បទបញ្ជារបស់ លោក ស្នងការ រាជធានី ភ្នំពេញ ថ្មីប្រកាសក្ដែងៗថា លុប បំបាត់ឱ្យអស់នៅ ល្បែងស៊ីសងទាំង១២ ខណ្ឌហាក់សាបដូចទឹក ទន្លេ ខណៈដែលទីតាំងហាងអ៉ីនធឺណេតគ្មានយីហោ បង្កប់ល្បែងសុីសងតាមប្រព័ន្ធ online ២៤ម៉ោងលើ២៤ម៉ោងនៅតាមបណ្ដោយផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ យ៉ាងរលូនមិនខ្លាចញញើត សង្ស័យ តែម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយលោកអភិបាល និង លោកអធិការខណ្ឌទួលគោក ហើយមើលទៅ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងមួយនេះគេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ ឬបង្ក្រាបឡើយ។
ប្រភពដដែលបន្តថា តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ ។
គួររំលឹកថា កន្លងមកលោក ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ មិនតែ ប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ៕
អត្ថបទ៖ រតនៈ