សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅបុរសម្នាក់ ឈ្មោះ «រ័ត្ន សុធី» រស់នៅខេត្តបន្ទាយមានជ័យ ថា សំណាងហើយដែលសម្តេចមិនបញ្ជាឲ្យចាប់នោះ កុំអីដេកគុកបាត់ហើយ
(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសទៅកាន់បុរសម្នាក់ ដែលសម្តេចបានបញ្ជាក់អត្តសញ្ញាណថា មានឈ្មោះ «រ័ត្ន សុធី» រស់នៅខេត្តបន្ទាយមានជ័យ ដែលបានផ្សព្វផ្សាយនូវព័ត៌មានមិនពិតថា លុយដែលរាជរដ្ឋាភិបាលជួយកម្មករ គ្រួសារក្រីក្រ និងអ្នកងាយរងគ្រោះដោយសារតែជំងឺកូវីដ១៩ ជាលុយជំនួយរបស់សហភាពអឺរ៉ុប (EU) ប្រតិកម្មចេញពីខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០២០ ។
សម្តេចតេជោបានបញ្ជាក់ថា មានបុរសម្នាក់ឈ្មោះ
រ័ត្ន សុធី នៅបន្ទាយមានជ័យនិយាយថា ផ្តល់លុយឲ្យប្រជាពលរដ្ឋដោយជំនួយរបស់ EU ដែលការនិយាយនោះ គឺជារឿងមិនពិត ។ សម្តេចបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមផ្តាំលោក សុធី ឯងដែលខ្ញុំមិនបានបញ្ជាឲ្យចាប់ ។ បើថ្ងៃនោះបញ្ជាឲ្យចាប់ លោក សុធី ដេកគុកហើយ » ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងច្បាស់ថា «រដ្ឋាភិបាលហ៊ុន សែន អត់បានប្រើលុយបរទេសមួយសេនណា» សម្រាប់កិច្ចការកូវីដ១៩ នោះទេ ហើយកម្ពុជានៅមានសាច់ប្រាក់គ្រប់គ្រាន់ក្នុងការងារជួយដល់ពលរដ្ឋ កម្មកររោងចក្រជាង ១០ម៉ឺននាក់ទទួលបាន ៤០ ដុល្លារក្នុងមួយខែ ហើយគ្មានមន្ត្រីរាជការណាមួយត្រូវបានរាជរដ្ឋាភិបាលកាត់ប្រាក់ខែ ព្រោះកូវី១៩ ឡើយ ។
ជាពិសេសមានសប្បុរជនជាច្រើន រួមទាំងមន្ត្រីនានាបានចូលរួមយុទ្ធនាការកាត់លុយចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធនឹងកូវីដ ១៩ ដែលក្នុងនោះសម្តេចបានមានប្រសាសន៍ថ្លែងការដឹងគុណដល់សម្តេចម៉ែ និងព្រះមហាក្សត្រដែលបានព្រះប្រទានបរិច្ចាគប្រាក់ជាច្រើនជួយដល់សកម្មភាពប្រយុទ្ធនឹងកូវីដ ១៩ ។ សម្តេចក៏បានបញ្ជួនសារចេញពីខេត្តព្រៃវែងទីកន្លែងដែលសម្តេច បានអញ្ជើញចុះទៅពិនិត្យមើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅស្រុកពាមរក៍ នៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែកក្កដានេះ ផ្តាំទៅក្រុមប្រឆាំងទាំងអស់មើលមុខសម្តេចឲ្យច្បាស់ថា សម្តេចនៅមានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ទល់ស្ថានភាពលំបាកនានា ៕