ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចុះទស្សនកិច្ចមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង
(ព្រៃវែង)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ មុននឹងអញ្ជើញដល់កន្លែងនៃពិធីសំណេះសំណាល សម្តេចតេជោបានអញ្ជើញទស្សនកិច្ច និងពិនិត្យមើលពីសកម្មភាព និងដំណើរបង្កាត់ពូជត្រី ជាច្រើនប្រភេទ រួមទាំងកង្កែបផងដែរ ដោយមានការពន្យល់រៀបរាប់ពីដំណើរការ
បង្កាត់ពូជ ដោយមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
តាមរបាយការណ៍របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា មជ្ឈមណ្ឌលនេះ មានតួនាទី និងសកម្មភាពសំខាន់ៗលើការងារស្រាវជ្រាវ ការងារផលិតពូជត្រី ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវារីវប្បកម្មជាដើម។ មជ្ឈមណ្ឌលនេះ បានផលិតពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិវេេេេន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករចិញ្ចឹមទូទាំងប្រទេស និងលែងចូលក្នុងដែនទឹកសាធារណៈ ស្រះជម្រកត្រីសហគមន៍ ដើម្បីបង្កើនទាំងប្រភេទ និងបរិមាណពូជត្រីក្នុងស្រុកផង។
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរនាំចំពោះប្រជាកសិករដែលប្រកបរចិញ្ចឹមត្រី និងរបរចិញ្ចឹមកង្កែប ដើម្បីបានដឹងពីភាពងាយស្រួល និងការលំបាកនៃការចិញ្ជឹមត្រី និងកង្កែបនាពេលបច្ចុប្បន្ន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាកសិករយើង។ ចំពោះប្រជាកសិករដែលចិញ្ចឹមត្រីបានបង្ហាញពីភាពងាយស្រួល និងផលវិបាក នៃការចិញ្ចឹមត្រី ដូចជាចំពោះភាពងាយស្រួល គឺការចិញ្ចឹមត្រីនាពេលបច្ចុប្បន្នងាយស្រួល ព្រោះចិញ្ចឹមតាមបច្ចេកទេសទំនើប មានឧបករណ៍ សម្ភារៈ ចំណី សន្តិសុខក្នុងផ្ទៃប្រទេសជាដើម គឺបង្កលក្ខណៈងាយស្រួល។
ចំពោះការលំបាកវិញ ដូចជាមានបញ្ហាការខ្វះទុន បញ្ហាទីផ្សារ បញ្ហាទឹក បញ្ហាខ្វះបច្ចេកទេសព្យាបាលត្រីឈឺជាដើម។ ចំពោះការចិញ្ជឹមកង្កែប គឺងាយស្រួលទទួលផលគឺអាចត្រឹមតែ២ទៅ៣ខែ អាចទទួលបានផលហើយ។ ងាយស្រួលក្នុងការហុចផល ជាពិសេសក្នុងរដូវកូវីដនេះ កូនកង្កែបមានទីផ្សារខ្លាំងដោយសារប្រជាកសិករត្រូវការយកទៅចិញ្ចឹមច្រើន។ ចំពោះផលវិបាកវិញ ដូចជានៅខ្វះបច្ចេកទេសខ្លះ និងបញ្ហានៃការខ្វះខាតទឹកជាដើម្បី ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលនេះ គឺជាប្រក្រតីភាពនៃជីវភាពតាមកន្លងថ្មី បន្ទាប់ពីយើងជួបនូវវិបត្តិកូវីដ១៩ ។ ថ្វីត្បិតតែវិស័យមួយចំនួនយើងជួបបញ្ហា និងផ្អាកពិធីសំខាន់ៗ តែដំណើរការរបស់ប្រជាកសិកមិនផ្លាស់ប្តូរ ឬផ្អាកនោះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងដោយក្តីមោទនភាពចំពោះវឌ្ឍនភាព និងភាពរីកចម្រើនវិស័យវារីវប្បកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងលើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិផងដែរ។
សម្តេចតេជោបន្តទៀតថា ពិតមែនតែយើងជួបវិបត្តិលើវិស័យមួយចំនួន ដូចជាវិស័យឧស្សហកម្ម វិស័យទេសចរណ៍ជាដើម ក៏ប៉ុន្តែវិស័យកសិកម្មគឺជាវិស័យមួយដែលនៅមានភាពល្អប្រសើរបំផុត ពីព្រោះវិស័យនេះវាបានធានាដល់បញ្ហាស្បៀងអាហារនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារបរទេស។ សម្តេចតេជោបានប្រកាសថា ក្នុងកាលៈទេសៈនៃវិបត្តិកូវីដនេះ កម្ពុជានៅតែបន្តការចូលរួមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ក្នុងនោះដូចជាដូចជាការផ្គត់ផ្គង់ស្រូវ ត្រី សាច់ជាដើម។ កម្ពុជានឹងប្រែក្លាយវិបត្តិកូវីនេះ អោយទៅជាឱកាសនៃវិស័យកសិកម្ម កម្លាំងដែលបាត់បង់ពីវិស័យឱស្សាហមកម្ម នឹងបង្វែរមកវិស័យកសិកម្មវិញ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយប្រជាកសិករបន្តការចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការគ្រួសារ និងការនាំចេញ។ ជាមួយគ្នានោះ ក្នុងការងារវិស័យវារីវប្បកម្មនេះ សម្តេចតេជោបានជំរុញអោយក្រសួងខិតខំបន្ថែមទៀត ដែលចាប់ពីពេលនេះតទៅយើងមិនអាចពឹងការធ្វើវារីវប្បកម្មដោយត្រីធម្មជាតិទៀតនោះទេ គឺយើងត្រូវជំរុញអោយប្រជាកសិករខិតខំចិញ្ចឹមដោយខ្លួនឯង តាមរយៈការបណ្តុះបណ្តាលពីក្រសួងកសិកម្ម។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអោយក្រសួង ឬមន្ទីរកសិកម្មបន្តការយកចិត្តទុកដាក់បន្ថែមទៀត ដូចជាបណ្តុះបណ្តាលជំនាញបន្ថែមដល់ប្រជាកសិករ នូវបច្ចេកទេសចិញ្ចឹមសត្វ និងការផ្តល់សម្ភារបច្ចេកទេស។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការនូវថ្ងៃឈប់សម្រាកសង់ថ្ងៃចូលឆ្នាំខ្មែរ
រយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០)។ ប៉ុន្តែទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ជាប់ជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ។ សម្តេចតេជោ នៅតែបន្តអំពាវនាអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន និងការពារខ្លួនជាបន្តទៀតជាមួយនឹងជម្ងឺកូវីដ១៩នេះ។
មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់អំណោយមួយចំនួនជូនដល់ប្រជាកសិករ និងបន្ត្រីជលផល ដែលមានជាង១០០នាក់ មកចូលរួមក្នុងពិធីនេះ ដោយទទួលបាននូវសម្ភារប្រើប្រាស់មួយចំនួន ជាពិសេសសម្ភារៈការពារកូវីដ១៩ ស្រូវពូជ និងកូនត្រីសម្រាប់យកទៅចិញ្ចឹម និងថវិការមួយចំនួនផងដែរ៕