កម្ពុជា ប្ដេជ្ញាបន្តកិច្ចសហការល្អជាមួយមជ្ឈដ្ឋានអន្តរជាតិទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា នេះ បានគូស បញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការល្អជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិ និងប្រទេសជារដ្ឋភាគីទាំងអស់ ជាពិសេស អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ សំដៅលុបបំបាត់ទាំងស្រុងជំងឺកូវីដ-១៩ និង ការពារសុខភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជន ពិភពលោក។
សម្ដេច ហ៊ុន សែន បានធ្វើបញ្ជាក់នេះ នៅក្នុងសារលិខិត នៃឱកាសទិវាប្រជាជន ពិភពលោកលើកទី៣១ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងការឆ្លើយតបនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការ ច្បាស់លាស់ ព្រមទាំងបាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសុខុមាលភាពប្រជាជនដែលជាលទ្ធផលយើងទទួលបានជោគជ័យ។ជាក់ស្ដែងគិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ-១៩ចំនួន ១៤១ នាក់ បានព្យាបាលជាសះស្បើយចំនួន ១៣១ នាក់ កំពុងសម្រាកព្យាបាលចំនួន ១០ នាក់ និងមិនមានករណីអ្នកស្លាប់ទេ។ លើសពីនេះទៀត រាជរដ្ឋាភិបាល បានដាក់ករណីជំងឺកូវីដ-១៩ ទៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រ រយៈពេលវែង ព្រមទាំងបានណែនាំប្រជាជនឲ្យចូលរួមការពារសុខភាពដើម្បីចៀសវាងពីការឆ្លងជំងឺដ៏កាចសាហាវនេះ ដែលជាគោលនយោបាយគន្លឹះតាមរយៈការចូលរួមទាំងអស់គ្នា។
សម្ដេចតេជោ បានវាយតម្លៃថា ៖ បើពិនិត្យជារួម ការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ហើយសង្គមជាតិយើងទាំងមូលនៅតែបន្តតស៊ូប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការល្អជាមួយនឹងស្ថាប័នរបស់អង្គការសហប្រជាជាតិ និងប្រទេសជារដ្ឋភាគីទាំងអស់ ជាពិសេស អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ សំដៅលុបបំបាត់ទាំងស្រុងជំងឺកូវីដ-១៩ និងការពារសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនក្នុងពិភពលោក៕