ក្រសួងកសិកម្ម៖ ការដាំដុះស្រូវវស្សាសម្រេចបាន៧៥% តែតំបន់ខ្លះជួបគ្រោះរាំងស្ងួត
(ភ្នំពេញ) ៖ កសិករនៅទូទាំងប្រទេសបានបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានប្រមាណជាង៧៥% ហើយមកដល់ពេលនេះក្នុងការស្ទូង និងព្រួសបានសម្រេចលើផ្ទៃដីប្រមាណ ១ ៩៤៩ ពាន់ហិកតា ក្នុងនោះមានស្រូវស្រាលចំនួន ៦១០ ៧៣៦ ហិកតា ស្រូវកណ្តាលចំនួន ៩៥៣ ៥២៦ ហិកតា ស្រូវធ្ងន់ចំនួន ៣៣៤ ៦៩៤ ហិកតា ។
កាលឆ្នាំ២០១៩កសិករបានធ្វើស្រូវបានផលចំនួន ១០,៨៨ លានតោននៅទូទាំងប្រទេស ក្នុងនោះនៅសល់ពីការផ្គត់ផ្គង់ក្នុងស្រុក សម្រាប់នាំចេញចំនួនប្រមាណ៥លានតោ ។ ខេត្តព្រៃវែង បាត់ដំបង តាកែវ បន្ទាយមានជ័យ និងខេត្តកំពង់ធំ ជាខេត្តដែលផលិតស្រូវច្រើនជាងគេ ។ ក្រសួងកសិកម្មបានឲ្យដឹងថា ស្របពេលកសិករមួយចំនួនកំពុងដាំដុះ មានកសិករមួយចំនួនកំពុងប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗដែរ នៅពេលនេះ ។ ការប្រមូលផលបានចំនួន ៣២ ៥៦៥ ហិកតា ទទួលបរិមាណផលសរុបចំនួន ១៤១ ០៣២ តោនទិន្នផលគិតជាមធ្យម ជាង៤ តោនក្នុងមួយហិកតា ។ ក្រសួងកសិករបានវាយតម្លៃពីដំណើរការដាំដុះរបស់កសិករនៅឆ្នាំនេះមានតំបន់មួយចំនួនបានជួបបញ្ហាគ្រោះរាំងស្ងួតដែរ ប៉ុន្តែមិនប្រឈមខ្លាំងក្លាដូចឆ្នាំកន្លងទៅនោះទេ ៕