កម្ពុជានឹងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើនទៀត
(ភ្នំពេញ) ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ ដើម្បីប្រកាសការចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កាលពីថ្ងៃទី៩កក្កដានេះ ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងក្លាយជាផ្នែកសំខាន់ក្នុងការជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប (GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ ។ ទំហំពាណិជ្ជកម្មកម្ពុជា និងកូរ៉េក្នុងឆ្នាំ២០១៩ មានប្រមាណ ១.០៣២ លានដុល្លារ មានការកើនឡើង ២៥៤% ធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១ លានដុល្លារ ។ ដំណើរចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនាពេលនេះកើតឡើងស្របពេលដែលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាចិននឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ ។ ហើយកម្ពុជាគ្រោងចរចាបង្កើតកិច្ចព្រៀមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត មាន ឥណ្ឌា អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី និង អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន សហព័ន្ធរុស្ស៊ី ដែលប្រទេសទាំងអស់នេះ ស្ថិតនៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។
លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន នៅទីក្រុងប៉េកាំងប្រទេសចិននៅពាក់កណ្តាសីហាខាងមុខនេះ ។កិច្ចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាយន្តការក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសមួយជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្ម សេវា ដោយសេរី មិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និងគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា ។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា កម្ពុជាកំពុងប្រែក្លាយឱកាសវិបត្តិកូវីដ១៩ ទៅជាឱកាស ដើម្បីពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ខ្លួនដូចជា ការបង្កើតឲ្យមានពាណិជ្ជកម្មសេរីជាមួយបណ្តាលប្រទេសនានាសំដៅធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញរបស់កម្ពុជាបន្ថែមទៀត៕