ក្រសួងសុខាភិបាលកម្ពុជា បញ្ជូនសារពីរលកទីពីរនៃការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩
(ភ្នំពេញ) ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យបានឲ្យដឹងថា ក្រោយពីបានពិភាក្សា និងបានពិនិត្យលើការណែនាំរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារការចម្លងវីរុសកូវីដ-១៩ ដើម្បីសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសាររបស់ខ្លួន មិនមានការចម្លងនៅក្នុងសហគមន៍ និងសូមពន្យល់ជូនសាធារណជនទាំងអស់នូវចំណុចសំខាន់ៗដែលពាក់ព័ន្ធទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានដូចតទៅ ៖
១. ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ នៅកម្ពុជា៖ តាមទស្សនៈសុខភាពសាធារណៈ“រលកទីមួយ” សំដៅទៅលើខ្សែកោងនៃការរីករាលដាលនៃជំងឺឆ្លង ដែលករណីកើនឡើងដោយសារតែមានការចម្លងជំងឺជាទ្រង់ទ្រាយធំក្នុងសហគមន៍ ហើយបន្ទាប់មកក៏ធ្លាក់ចុះរហូតដល់ជិតដល់សូន្យ ដោយសារតែការអនុវត្តវិធានការសុខភាពសាធារណៈ។ នៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការបានទាន់ពេលវេលា រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំ និងការឆ្លើយតបរហ័សរបស់យើងទាំងអស់គ្នា ព្រមទាំងមានការចូលរួមប្រតិបត្តិនូវវិធានការដែលបានដាក់ចេញ ប្រទេសកម្ពុជាទទួលបានលទ្ធផលល្អក្នុងការទប់ស្កាត់ការឆ្លងរាលដាល ហើយយើងមិនមានការចម្លងវីរុសកូវិឌ-១៩ ជាទ្រង់ទ្រាយធំក្នុងសហគមន៍នោះទេមកដល់ពេលនេះ។
ប្រទេសកម្ពុជាមិនអាចកាត់ផ្តាច់ខ្លួនឯងទាំងស្រុងពីពិភពលោកបានទេ ហើយរិតតែមានសារៈសំខាន់ណាស់ ដែលសេដ្ឋកិច្ចកម្ពុជា ត្រូវតែគិតគូររក្សាឲ្យនៅរឹងមាំ។ នៅពេលនេះ ជំងឺកូវីដ-១៩ គឺជាការរំលឹកមួយថា សុខភាពជាសមូហភាពរបស់យើង គឺផ្អែកលើសកម្មភាពរបស់បុគ្គលម្នាក់ៗ ។ លោកថា៖យើងដឹងថា ផលប៉ះពាល់នៃជំងឺរាតត្បាតនេះមានទំហំធំណាស់សម្រាប់គ្រួសារ សង្គមជាតិ និងសេដ្ឋកិច្ច ហើយប្រជាជនមានការថប់បារម្ភ និងមានអារម្មណ៍អស់កម្លាំង។ ប៉ុន្តែក្នុងកាលៈទេសៈនេះ ភាពពេញចិត្តឬតម្រូវចិត្តបុគ្គលឲ្យបានគ្រប់ៗគ្នានោះ ជាការលំបាកណាស់ ដរាបណាវីរុសនេះ នៅតែបន្តរីករាលដាលនៅកន្លែងណាមួយ ដែលគ្មានប្រទេសណាមួយ និងគ្មាននរណាម្នាក់មានសុវត្ថិភាពនោះឡើយ ប្រសិនបើយើងមិនរួមគ្នាអនុវត្តន៍វិធានការការពារ។
លោករដ្ឋមន្ត្រីបានលើកឡើងថាបន្ថែមលើវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល បុគ្គលម្នាក់ៗ សហគមន៍ និងធុរកិច្ចទាំងអស់ត្រូវបន្តធ្វើការជ្រើសរើសជម្រើសដែលមានសុខភាពល្អ និងចាត់វិធានការការពារ – រួមមានការអនុវត្តអនាម័យដៃ និងអនាម័យផ្លូវដង្ហើមស្អាតល្អ ស្ថិតនៅយ៉ាងតិច ១ម៉ែត្រកន្លះពីអ្នកដទៃ និងស្នាក់នៅផ្ទះប្រសិនបើមានរោគសញ្ញាសង្ស័យជាចាំបាច់។
យើងទាំងអស់គ្នាត្រូវចូលរួមចំណែកទាំងអស់គ្នា ដើម្បីធានាឱ្យបានថាករណីនិមួយៗមិនក្លាយជាអណ្តាតភ្លើងហើយមិនវិវត្តទៅជាភ្លើងនាពេលបន្ទាប់។ ប្រសិនបើយើងធ្វើសកម្មភាពដោយមានសាមគ្គីភាព យើងអាចការពារប្រទេសកម្ពុជា ពីការចម្លងជំងឺជាទ្រង់ទ្រាយធំក្នុងសហគមន៍ ដូចដែលយើងធ្លាប់បានឃើញនៅក្នុងបណ្តាប្រទេសមួយចំនួននៅលើសាកលលោក៕