ពិធីការិនី ហ៊ិន ច័ន្ទនិរ័ត្ន ស្ងាត់ៗ ស្រាប់តែប្រកាសត្រៀមគម្រោងចូលរោងការ
(សិល្បៈកម្សាន្ត) ៖ ពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន បានបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ដល់មហាជនពិសេសអ្នកគាំទ្រ ខណៈនៅសុខៗ ស្រាប់តែនាងប្រកាសជាសាធារណៈអំពីគម្រោងត្រៀមចូលរោងការ។
ដំណឹង នៃការប្រកាសអំពីគម្រោងត្រៀមចូលរោងការពីសំណាក់ពិធីការិនីសម្បូរវោហារមិនចេះរឹងស្ងួត កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន ពេលនេះ បានធ្វើឲ្យទស្សនិកជនជាច្រើនកំពុងមានចម្ងល់ថា ហេតុអ្វីបានជាស្រីស្អាតរូបនេះបើកចិត្តក្លាហាន ហ៊ានទម្លាយការពិតឲ្យសាធារណជនបានដឹងយ៉ាងនេះ ខណៈកន្លងមក នាងតែងតែបដិសេធពីដំណឹងស្នេហាជាមួយបុគ្គលមួយចំនួនបន្តបន្ទាប់មកហើយ។
បើផ្អែកតាមសំណេររបស់ពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន ដែលបានបង្ហោះភ្ជាប់នឹងរូបភាព១សន្លឹក លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ស្ថិតក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបុរាណ នាងបានសរសេរដោយខ្លីថា ឆ្នាំនឹងអត់ទាន់ការ ព្រោះជំងឺកូវីដ-១៩ ចាំឆ្នាំក្រោយ។ ខ្លឹមសាររបស់ កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន នេះដែរ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំនាំគ្នាភ្ញាក់ផ្អើល។
ដោយឡែកក្នុងនោះដែរ ក៏មានខ្លះទៀតបានបញ្ចេញសំណេរដោយលើកសរសើរលើរូបសម្រស់របស់ពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន ថា ពេលនាងគ្រងឈុតប្រពៃណីបុរាណបែបកូនប្រមុំបែបនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយក៏មានមួយចំនួនទៀតចូលរួមអបអរនាងផងដែរ ប្រសិនបើគម្រោងចូលរោងការនេះជារឿងពិតប្រាកដមែននោះ។
កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ អង្គភាពសារព័ត៌មានកម្ពុជាថ្មីមិនអាចទាក់ទងសុំការសួរនាំបន្ថែមបាននៅឡើយទេ ចំពោះដំណឹងចូលរោងខាងលើនេះ។ ប៉ុន្តែអ្វីដែលនៅជាចម្ងល់នោះ គឺនៅត្រង់ថា កន្លងមក និរ័ត្ន មិនធ្លាប់បង្ហាញមុខ ឬបណ្ដើរបុរសណាម្នាក់នោះទេតែហេតុអ្វីពេលនេះ នាងបែរជាប្រកាសក្តែងៗដូច្នេះទៅវិញ។ ហេតុនេះ សង្ឃឹមថា ចម្ងល់ទាំងនេះ ហ៊ិន ច័ន្ទនិរ័ត្ន នឹងអាចស្រាយបំភ្លឺឲ្យទស្សនិកជនបានដឹងច្បាស់នៅពេលក្រោយ៕