លែងលំបាកទៀតហើយ ! នីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រារួមគ្នានៅកន្លែងតែមួយ
(ភ្នំពេញ)៖ នីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធពន្ធប្រថាប់ត្រារួមគ្នានៅកន្លែងផ្តល់សេវាតែមួយ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ត្រូវបានឯកភាពគ្នា នឹងគ្រោងដាក់ឱ្យដំណើរការនៅក្នុង ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា និងពិនិត្យទៅលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និង នាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជំនួបប្រជុំពិភាក្សានេះ ក្នុងគោលបំណងដើម្បីពិនិត្យទៅលើលំហូរនីតិវិធីក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានជំនិះ បង់សេវា និងបង់ពន្ធប្រថាប់ត្រា ក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់បន្ថយពេលវេលា និងនីតិវិធីស្មុគស្មាញក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា។ នីតិវធីខាងលើនេះ គឺជាការបោះជំហ៊ានជាវិជ្ជមានមួយ តាមរយៈគំនិតផ្តួចផ្តើម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្របតាមគោលនយោបាយកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈ របស់រាជរដ្ឋាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ គឺ “ធ្វើឱ្យមានតម្លាភាព មានប្រសិទ្ធភាព និងឱ្យបានឆាប់រហ័ស”។
ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល មានសង្ឃឹមយ៉ាងមុតមាំថា បច្ចេកទេសផ្តល់សេវា តាមលំហូរចរន្តការងារដំណើរការផ្ទេរកម្មសិទ្ធិយានជំនិះតាមប្រព័ន្ធបច្ចេកវិទ្យានេះ លំហូរចរន្តដំណើរការនីតិវិធី នៃការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រានេះ ដោយប្រើប្រព័ន្ធបច្ចេកវិទញយានេះ នឹងដំណើរការទៅបានយ៉ាងរលូន និងចូលរួមចំណែកយ៉ាងសំខាន់ ទៅដល់ការពង្រឹងនូវការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងមធ្យោបាយធ្វើដំណើរ និងការគ្រប់គ្រងទិន្នន័យសន្តិសុខជាតិ ព្រមទាំងជួយពង្រឹងនូវការប្រមូលចំណូលសារពើរពន្ធផងដែរ។ ទាំងនេះស្តែងឱ្យឃើញពីការគិតគូរដិតដល់ និងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជាគន្លឹះសំខាន់ក្នុងការជួយសម្រួលនីតិវិធីជូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួល កាត់បន្ថយភាពស្មុគស្មាញ និងលុបបំបាត់ការចំណាយក្រៅផ្លូវការ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
សូមជម្រាបជូនផងដែរថា៖ ការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា នឹងត្រូវបានអនុវត្តនៅកន្លែងតែមួយ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យ ONLINE តាមរយៈគេហទំព័រ vehicle.mpwt.gov.kh ឬអាចមកកាន់ទីតាំងផ្តល់សេវាផ្ទាល់ដើម្បីមន្ត្រីជំនាញធ្វើការបំពេញសំណុំបែបបទជូន រួចធ្វើការបងប្រាក់សេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នីតិវិធីរួមនៃការផ្ទេរកម្មសិទ្ធិយានជំនិះនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងសម្រេច ផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់ នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ