ចំនួនពលរដ្ឋក្រីក្រកើនឡើងដល់១៥%នៃប្រជាជនសរុប ដោយសារវិបត្តិកូវីដ-១៩

(ភ្នំពេញ) ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលស្គាល់ថា តួលេខនៃប្រជាជនក្រក្រីបានកើនឡើងប្រមាណជា ១៥% ដោយសារវិបត្តិកូវីដ-១៩ បន្ទាប់ពីក្រុមការងារអន្តរក្រសួងបានចុះធ្វើអត្តសញ្ញាណកម្ម(ID Poor ) នាពេលថ្មីៗនេះ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋទាំងនោះ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកក្រីក្រ គឺពឹងផ្អែកប្រព័ន្ធដែលរដ្ឋាភិបាល កំពុងធ្វើ ID Poor មិនមែនផ្អែកលើអ្នកក្រទាំងស្រុងទេ គឺជាប្រព័ន្ធមួយហៅថា ID Poor plus ដែលក្នុងនោះអ្នកក្រ មានអ្នកក្រពីរកម្រិត គឺកម្រិត១ និងកម្រិត២។ មានន័យថា ពីមុនមានអ្នកក្រប្រមាណ១០%ប៉ុណ្ណោះ ប៉ុន្ដែ ដោយសារតែការធ្វើកំណត់អត្តសញ្ញាណកម្មថ្មីនេះ គឺបានចាប់បញ្ចូលទាំងអ្នកដែលមានជីវភាពជិតក្រីក្រ (Nearly Poor) ដើម្បីឲ្យពួកគាត់អាចទទួលបានការឧបត្ថម្ភពីរដ្ឋដែរនោះ ទើបធ្វើឲ្យចំនួនអ្នកក្រីក្រមានការកើនឡើងជាងមុនយ៉ាងដូច្នេះ។ ឯកឧត្តមបញ្ជាក់ថា « បើគិតពីអ្នកក្រ១០% សម្រាប់តួលេខសព្វថ្ងៃនេះ វាមាន១លានកន្លះ ព្រោះប្រជាជនយើង១៥,៣លាននាក់ ប៉ុន្តែនៅពេលដែលធ្វើ ID Poor ស្រាប់តែ ២,៣លាននាក់ ហើយអាចនឹងកើនបន្តឡើងទៀត »។ ឯកឧត្តមបានបន្ថែមថា « យើងមិនអាចបដិសេដថា កូវីដហើយគ្មានអ្នកក្រទេ គឺវាកើនហើយ ប៉ុន្តែធ្វើម៉េចកុំឲ្យគាត់ស្លាប់អត់បាយ ពិបាកវេទនា ឲ្យគាត់រស់បានដើម្បីឱកាសសេដ្ឋកិច្ចមកវិញ ឱកាសការងារមកវិញ គាត់ស្ទុះមកវិញបាន ងើបមកវិញបាន មិនខុសពីខាងផ្នែក Business (ជំនួញ) ទេ ចឹញ្ចឹមគាត់ទៅ ទាំងក្រ ទាំងក្បែរក្រហ្នឹង ឲ្យតែពិបាក ហើយថា មិនមែនចិញ្ចឹមគាត់ទាំងស្រុងទេ គាត់ត្រូវតែប្រឹងរស់ខ្លួនឯងដែរ»។

បើតាមឯកឧត្តម សំហេង បុរស អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានគូសបញ្ជាក់ដែរថា នៅក្នុងរយៈពេល១៤ថ្ងៃ គិតត្រឹមព្រឹកថ្ងៃទី ៨ ខែកក្កដានេះ មានប្រជាពលរដ្ឋប្រមាណជាង៩០% ដែលស្មើនឹងប្រមាណ២លាននាក់ឬ ៥០ម៉ឺនគ្រួសារហើយ ដែលបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ យ៉ាងណាមិញឯកឧត្តម សំហេង បុរស បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ទៅបើកប្រាក់ឧបត្ថម្ភក្នុងខែទី១ សូមរួសរាន់ទៅបើកឲ្យបានមុនថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០នេះ ខណៈដែលការបើកខែទី២ នឹងត្រូវធ្វើឡើងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ហើយ។ មួយវិញទៀត ចំនួនប្រជាពលរដ្ឋដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ អាចនឹងត្រូវកើនឡើងប្រមាណជាង ១០ម៉ឺននាក់បន្ថែមទៀត ក្រោយពីអាជ្ញាធរធ្វើការអង្កេតរួចរាល់នាពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds