ប្រទេសបារាំងនឹងសិក្សាហានិភ័យនៃការចំណាយ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤
(បារាំង) ៖ អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នឹងពិនិត្យមើលហានិភ័យនៃការចំណាយបន្ថែមទៀតនៅចុងឆ្នាំនេះ ដោយសារការឆ្លងរាលដាលនៃវីរុសជាសកលកូវីដ១៩។ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach រួមជាមួយប្រធានគណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិកបារាំងលោក Tony Estanguet បានជួបប្រជុំគ្នានៅក្នុងរដ្ឋធានីប៉ារីស កាលពីថ្ងៃទី៨ ខែកក្កដា កន្លងទៅ។
តាមគម្រោងបារាំង បានកំណត់ថានឹងមានថវិកាចំនួន ៦,៨ពាន់លានអឺរ៉ូ (៧,៧១ ពាន់លានដុល្លារ) សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ដ៍ធំមួយនេះ ។ ហើយបើយោងតាមប្រភពពីសារព័ត៌មាន Elysee បានឱ្យដឹងថា កិច្ចប្រជុំរវាងអ្នកទាំងបីបានពិចារណាជារួមពី ភាពពាក់ព័ន្ធគ្នានៅប៉ុន្មានខែខាងមុខមុនដំណាច់ឆ្នាំនេះ។ ដោយគណៈកម្មាធិការរៀបចំក្នុងតំបន់នៃរដ្ឋនីមួយៗ អាចសិក្សារួមគ្នាពីរបៀប ដែលអាចកាត់បន្ថយ និងហានិភ័យនៃការចំណាយច្រើនលើសលុប។ ហើយការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយដ៏សំខាន់ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចបារាំងកាន់តែអាក្រក់ទៅៗ អំឡុងពេលមានវិបត្តិនេះ ។
ដោយឡែកលើសពីនេះ IOC អាចនឹងពិចារណាការផ្លាស់ប្តូរមួយចំនួនបន្ថែមទៀត រួមទាំងចំនួនកីឡាករប្រកួតប្រជែង ដែលបច្ចុប្បន្នមានចំនួន ១០.៥០០នាក់។ ជាក់ស្តែងបច្ចុប្បន្ន IOC កំពុងឈឺក្បាលចំពោះព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូឆ្នាំនេះ ដែលត្រូវផ្លាស់ប្តូរទៅធ្វើនៅឆ្នាំ២០២១។ ប៉ុន្តែតាមការស្ទង់មតិមួយធ្វើឡើងដោយអង្គភាពសារព័ត៌មានជប៉ុនចំនួនពីរបានបង្ហាញថា ប្រជាជនជាងពាក់កណ្តាលនៃទីក្រុងតូក្យូគិតថាព្រឹត្តិការណ៍នេះ គួរតែត្រូវលុបចោលតែម្តង។ សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ គ្រោងនឹងធ្វើពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា និងបិទនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ៕