នាយករងសាលាបឋមសិក្សាម្នាក់ ចងក.ធ្វើអត្តឃាតដោយពុំដឹងមូលហេតុ
(បន្ទាយមានជ័យ) ៖ នៅវេលាម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិរំបាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានករណីនាយករងសាលាបឋមសិក្សារំពាក់ បានចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួន នៅនឹងមែកដើមស្នាយមានកំពស់ ២,៥០ម៉ែត្រ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ នៅចំណុចខាងលិចសាលាបឋមសិក្សារំបាក់ ចម្ងាយ១៥០ម៉ែត្រ ។
សមត្ថកិច្ចស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា បុរសដែលចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួន ឈ្មោះ កាន់ ភីឡា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានតួនាទីជានាយករង នៃសាលាបឋមសិក្សារំពាក់ ។បើយោងតាមរបាយការណ៍របស់លោកមេភូមិរំបាក់ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៩ ឈ្មោះកាន់ ភីឡា បានធ្វើបុណ្យឆ្លងចេតីយ៍ឪពុកក្មេក នៅក្នុងកម្មវិធីបុណ្យនេះគាត់បានបម្រើភ្ញៀវជាធម្មតា និងមានការហូបស្រាបន្តិចបន្តួច រួមទាំងមានការរាំលេងកំសាន្តសប្បាយជាមួយបងប្អូនជិតខាងផងដែរ ហើយរយៈកន្លងមកជារៀងរាល់ថ្ងៃ ឈ្មោះ ភីឡា នេះគឺតែងតែផឹកស្រាស្រវឹងជាប្រចាំផងដែរ។
បើតាមការបំភ្លឺ ពីឈ្មោះ យាវ កាន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិរំពាក់ ជាមួយគ្នា បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៩ ខែមេសា ខ្លួនបានដើរកាត់ត្រង់ចំណុចព្រំរបងថ្នាលស្រែរបស់ឈ្មោះកាន់ ភីឡា (បុរសចង.ក) នៅខាងលិចសាលាបឋមសិក្សារំពាក់ចំងាយ១៥០ម៉ែត្រ ដើម្បីទៅមើលគោនិងអង្គប់ដាក់កណ្តុរពីថ្ងៃមុនផងនោះ ក៏ប្រទះឃើញជនរងគ្រោះឈ្មោះកាន់ ភីឡា ចង.កនៅនឹងមែកដើមស្នាយ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុក ព្រះនេត្រព្រះ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍រដ្ឋ ចុះទៅពិនិត្យសាកសព ដោយសហការជាមួយអាជ្ញាធរភូមិ ឃុំ រួមទាំងសាច់ញាតិនិង គ្រូពេទ្យមណ្ឌលសុខភាពឃុំឃើញថា នៅលើខ្លួនសពឈ្មោះកាន់ ភីឡា គឺពុំមានស្នាកស្នាមអ្វីទាក់ទិននឹងករណីមនុស្សឃាតនោះទេ គឺពិតជាស្លាប់ដោយចង.ក ប្រាកដមែន ដោយបុរសរូបនេះ បានយកខ្សែលួសប្រវែង១ម៉ែត្រ ទំហំ២លី ចង.កនិងមែកដើមស្នាយ តែមូលហេតុបណ្តាលឲ្យធ្វើអត្តឃាតសម្លាប់ខ្លួន នៅមិនទាន់ដឹងនៅឡើយ។ក្រោយពីធ្វើកោសល្យវិច្ច័យរួច សពត្រូវបានប្រគល់ឲ្យប្រពន្ធ និងសាច់ញាតិចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕
(ប្រភពព័ត៌មានពីផេករបស់អគ្គស្នងការនគរបាលជាតិ)
អត្ថបទដកស្រង់ដោយ៖ ព្រួញទេព