ជនចាស់ជរាគ្មានទីពឹងចំនួន៩១នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ពីមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ របស់លោកជំទាវអ្នកតំណាងរាស្ត្រ ខេត្តប៉ៃលិន
(ប៉ៃលិន)៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ដឹកនាំដោយលោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកស្រីតំណាងរាស្រ្ត មណ្ឌលខេត្តប៉ៃលិន បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិប្រចាំខែកក្កដា ឆ្នាំ២០២០ ផ្តល់ជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងចំនួន ៩១នាក់ ដោយក្នុងម្នាក់ៗ ១០០.០០០រៀល(មួយសែនរៀលគត់) ដែលជាប្រាក់ឧបត្ថម្ភ ប្រចាំខែ ពីលោកស្រី បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន។ពិធីនេះរៀបចំ នៅការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចំពោះលោកយាយ លោកតា មានជំងឺធ្វើដំណើរមិនបាន ក្រុមការងារ បានយកថវិកាទៅ បើកជូនដល់គេហដ្ឋានផងដែរ។
ក្នុងឱកាសនោះដែរលោក ហុក សុផល ក្នុងនាមលោកជំទាវតំណាងរាស្រ្ត មណ្ឌលខេត្តប៉ៃលិន បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីតំណាងរាស្រ្ត ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលឯកឧត្តម និងលោកស្រីតំណាងរាស្រ្ត តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។
ជាមួយគ្នានេះលោក ក៍បាននាំនូវសេចក្តីអំពាវនាវរបស់លោក អ៊ី ឈាន និងលោកស្រីតំណាងរាស្រ្ត ដែលបានធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាយថាហេតុ ដោយយើងទាំងអស់គ្នាមិនបានដឹងខ្លួនជាមុន និងសូមបន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឲ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិ រយ:ពេល១៤ថ្ងៃសិនបើមានករណីថាសង្ស័យ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូន ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិព្យាបាល។
គួរបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីលោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកស្រី តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ ជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនាអ្វីនោះទេ៕