Hot News: សម្ដេច ហ៊ុន សែន អនុញ្ញាតឲ្យបើកកាស៊ីណូវិញហើយ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ នាយករដ្ឋមន្រ្ដី សម្ដេច ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។
នាក្នុងឱកាសនោះផងដែរ សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យកាស៊ីណូ ប្រតិបត្តិការអាជីវកម្មសាជាថ្មីឡើងវិញ។ ដោយ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការដំណើរការអាជីវកម្មវិញនេះ គឺតម្រូវឱ្យកាស៊ីណូទាំងនោះ មានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលបានចូលស្ដាប់កិច្ចប្រជុំនេះ បានស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី មកសរសេរលើហ្វេសប៊ុកដូច្នេះថា៖«កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩» ៕