ទោះបីជាមានវិបត្តិកូវីដ-១៩ក៏ដោយ ក៏កម្ពុជានៅតែនាំចេញអង្ករក្នុងរយៈពេល៦ខែកើនឡើងដល់ជាង៤១%

(ភ្នំពេញ) ៖ គិតត្រឹមរយៈពេល៦ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារ៥៦ ប្រទេស មានបរិមាណសរុបជាង៣៩ម៉ឺនតោន កើនឡើងប្រមាណ៤១% បើប្រៀបធៀបគ្រាដូចគ្នានឹង ឆ្នាំ២០១៩នោះ។ នេះបើតាមការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថា ការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យ ភូតគាមអនាម័យ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៩៧. ៦៦០ តោន កើនឡើងប្រមាណ ១១៦. ១២២ តោន ស្មើនឹង ៤១,២៥% ដែលធៀបទៅនឹងរយៈ៦ខែដើមឆ្នាំ២០១៩ មានចំនួន ២៨១. ៥៣៨ តោន។

ដោយឡែកសម្រាប់ខែមិថុនា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញ អង្ករបានចំនួន ៤១. ៥៦៣ តោន កើនឡើងចំនួន ១០. ១៩៧ តោន ស្មើនឹង ៣២,៥១% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១. ៨៦៤ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨. ៧៥២ តោន, អង្ករចំហុយមានចំនួន ៩២៤ តោន និងអង្ករក្រហម មានចំនួន ២៣ តោន។ លោក វេង សាខុន បានបញ្ជាក់ថា «ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល ៦ខែនេះ មានចំនួន ៥៦ប្រទេស នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន៦ ហើយនឹងនៅទ្វីបដទៃទៀត ចំនួន ២៥ ប្រទេស»។ លោកលើកឡើងថា ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។ ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ខែដើមឆ្នាំ ដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនឡើងចំនួន ៤៥,១៩%, ប្រទេសចិនកើនចំនួន ២៥,២០%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៧,៦៩%, និងគោលដៅដទៃទៀតបានកើនឡើងចំនួន ៧៩,២៦%៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds