ក្រសួងវប្បធម៌ ស្វែងរកការបំភ្លឺពីម្ចាស់ផលិតកម្មមួយបង្ហាញគម្រោងថតរឿងគ្មានច្បាប់អនុញ្ញាត

(ភ្នំពេញ) ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈនាយកដ្ឋានភាពយន្ត បាននិងកំពុងស្វែងរកការស្រាយបំភ្លឺពីម្ចាស់ផលិតកម្មមួយ ពាក់ព័ន្ធទៅនឹងគម្រោងថតភាពយន្តខ្នាតធំមួយបែបប្រវត្តិសាស្ត្រ ដែលក្រសួងបានចាត់ទុកថា ផលិតកម្មមួយនេះ ពុំបានឆ្លងកាត់ច្បាប់អនុញ្ញាតពីក្រសួងនៅឡើយទេ។

ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ លោក ប៉ុក បូរក្ស បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិច កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះថា ដោយសារលោកបានឃើញពីចុះផ្សាយនូវគម្រោងថតភាពយន្តមួយនេះ តាមបណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយ ទើបធ្វើឲ្យលោកហាក់មានការងឿងឆ្ងល់ ខណៈពេលដែលគម្រោង និងឯកសារពាក់ព័ន្ធពីការផលិតនេះនៅមិនទាន់ឆ្លងកាត់នាយកដ្ឋានរបស់លោកឡើយ។ លោកបញ្ជាក់ថា ជាធម្មតារាល់ការផលិតរឿងខ្នាតណាមួយ គឺត្រូវបានឯកសារគ្រប់គ្រាន់មកកាន់នាយកដ្ឋានរបស់លោក ប៉ុន្តែសម្រាប់ផលិត DL ដែលផ្សព្វផ្សាយគម្រោងថតភាពយន្តខ្នាតធំបែបប្រវត្តិសាស្ត្រមួយនេះ គឺពុំទាន់មានច្បាប់ត្រឹមត្រូវនោះឡើយ។ ជាងនេះទៅទៀត លោកក៏បានសួរនាំទៅកាន់តួអង្គមួយចំនួនដែលមានក្នុងរូបផ្សព្វផ្សាយនោះ គឺពួកគាត់មិនបានដឹងខ្លួនឡើយ មានន័យថា ម្ចាស់ផលិតកម្មបានកាត់តរូបភាពពួកគេពីកន្លែងណាមកទេ ហើយយកមកធ្វើជា Poster សម្រាប់ផ្សព្វផ្សាយ។

លោកបន្ថែមថា ជាទូទៅក្រសួងតែងតែមានការគាំទ្រដល់ម្ចាស់ផលិតករដែលមានបំណងចង់ផលិតរឿង ជាពិសេសគឺរឿងបែបប្រវត្តិបែបនេះ ហើយក្រសួងតែងតែចង់ធ្វើការ និងសហការជាមួយផលិតករសម្រាប់ការប្រឹក្សាយោបល់ដែលក្រសួងអាចធ្វើបានលើការថតបែបប្រវត្តិសាស្ត្រ ព្រោះយើងបារម្ភខ្លាចមានការថតទៅមានការខុសឆ្គងពីប្រវត្តិសាស្ត្រដើម។ បើតាមលោក ប៉ុក បូរក្ស បានបន្តថា រហូតមកទល់ពេលនេះ យើងបានព្យាយាមស្វែងរកម្ចាស់ផលិតកម្ម ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់អំពីបញ្ហានេះ ហើយបើវាជាការពិតយើងនឹងជួយជាប្រឹក្សាដល់គាត់ ប៉ុន្តែយើងនៅមិនទាន់អាចស្វែងរកឃើញពីម្ចាស់ផលិតកម្មបាននៅឡើយទេ។

ទោះជាយ៉ាងណាលោកថា ជាជំហ៊ានដំបូងយើងត្រូវព្យាយាមកោះហៅម្ចាស់ផលិតកម្មនោះចូលខ្លួនមកបំភ្លឺជាមុនសិន ដើម្បីកំណត់ឲ្យបានច្បាស់ពីគម្រោងមួយនេះ អាចជាការពិត ឬក៏ជាការបង្ហោះហើយចោល ដែលនោះគឺជាការព្រួយបារម្ភរបស់យើង។

គួរបញ្ជាក់ថា សារព័ត៌មាននៅក្នុងស្រុកមួយបានធ្វើការចុះផ្សាយថា ផលិតកម្មមួយមានឈ្មោះ DL បានបង្ហាញគម្រោងនៃការផលិតរឿងដ៏ធំមួយ គឺរឿង «ប្រមាញ់ប្រវត្តិសាស្ត្រ» ដែលរឿងមួយនេះមានគម្រោងចាយទុនប្រមាណជាង១លានដុល្លារ និងមានការចូលរួមសម្តែងពីតារាភាពយន្ត និងចម្រៀងល្បីៗជាច្រើនរូប។ បើតាមការឲ្យដឹងពីអ្នកគ្រប់គ្រងការផលិតទូទៅនៅផលិតកម្ម DL បានបញ្ជាក់ថា រឿងដែលកំពុងតែផលិតនេះ គឺជារឿងបែបសម័យ ដែលគេនិយាយពីក្រុមបុរាណវិទ្យាមួយក្រុម បានចុះទៅស្រាវជ្រាវនៅតំបន់អង្គរ រួចពួកគេក៏បានមើលឃើញរូបភាពពីអតីតកាលមួយ ដែលផុសចេញពីសិលាចារឹក ឬរូបបដិមា ដែលជាកំណាយបុរេប្រវត្តិ គេបានឃើញចម្បាំង និងរឿងរ៉ាវវប្បធម៌ និងសិល្បៈគ្រប់ទម្រង់ ដែលបានផ្សារភ្ជាប់គ្នា ដើម្បីបង្ហាញឲ្យអ្នកទស្សនាបានយល់ដឹងពីសិល្បៈគ្រប់ទម្រង់។ តាមគម្រោងរឿង «ប្រមាញ់ប្រវត្តិសាស្ត្រ» នេះអាចនឹងបើកសម្ពោធពិធីក្រុងពាលី នៅបំណាច់ចុងខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds