ឪពុក ឱក សុគន្ធកញ្ញា ទម្លាយចំណងស្នេហ៍ប្រេះស្រាំ ដែលនាំឲ្យកូនភ្លេចឪ
(សង្គមសិល្បៈ)៖ បន្ទាប់ពីបង្ហោះសារថា តារាចម្រៀងឱក សុគន្ធកញ្ញា ជាកូនស្រីមិនស្គាល់ឪ និងបានចោទប្រកាន់អតីតភរិយា គឺលោកស្រីអ៊ិន ថាច ថា អាចប្រើមនោគមន៍ដើម្បីឲ្យសុគន្ធកញ្ញា និងកូនស្រីម្នាក់ទៀត ឲ្យលែងស្គាល់ឪពុកនោះ លោកឱក បូនី ក៏បានទម្លាយរឿងរ៉ាវកាលពីជាង២០ឆ្នាំ រវាងលោកនិងលោកស្រីអ៊ិន ថាច ផងដែរ។
លោក បូនី បានរំលឹកថា កាលឆ្នាំ២០០០ លោកនិងម្តាយកញ្ញា (អ្នកស្រីថាច) បានព្រមព្រៀងគ្នាឱ្យលោករៀបការក្លែងក្លាយ ដើម្បីបានចេញទៅរស់នៅអូស្ត្រាលី ព្រោះឮថា ស្រុកគេស្រួលរកលុយ និងរស់នៅ ហេតុនេះហើយបានជាលោកចេញទៅរស់នៅអូស្ត្រាលី រយៈពេល២ឆ្នាំ៧ខែ ហើយអំឡុងពេលនោះលោកបានផ្ញើលុយឱ្យប្រពន្ធកូនជាបន្តបន្ទាប់។ លោកបូនី បន្តថា នៅឆ្នាំ២០០៣ លោកបានវិលមកស្រុកខ្មែរវិញ ហើយកូនៗទៅទទួលលោកនៅព្រលានយន្តហោះពោធិ៍ចិនតុង តែពេលនោះប្រពន្ធលោកទារលែងលះមែនទែន ហើយលោកក៏ព្រមផ្តិតមេដៃ និងព្រមប្រគល់កូនទាំង២ ឱ្យប្រពន្ធទៅ។ ក្រោយមកកូនស្រីទាំង២ របស់លោក (សុគន្ធកញ្ញា, ស្រីណា) ត្រូវម្តាយគេដាក់មនោគមន៍លែងឱ្យពួកគេរាប់រកលោករហូតមក ទើបធ្វើឱ្យលោកតូចចិត្តដែរ ដែលទំនាក់ទំនងរវាងឪពុកនិងកូន ត្រូវកាត់ផ្តាច់។
លោកថា នៅថ្ងៃរៀបការសុគន្ធកញ្ញា នោះ លោកបានតេទៅកូនស្រីសួរនាំរឿងរៀបការហ្នឹង ហើយកូនស្រីហៅលោកទៅចូលរួម តែលោកសួរវិញថា តើទៅក្នុងនាមជាអ្វី សុគន្ធកញ្ញា ថាទៅក្នុងនាមជាឪពុក។ លោកក៏បានលុបចោលគម្រោងទៅស្រុកចិន ជាមួយលោកបណ្ឌិតសុខ ទូច នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នោះ ដើម្បីចូលរួមមង្គលការកូនស្រី តែអ្វីដែលលោកខកចិត្តនោះ លោកមិនត្រូវបានកូនស្រីឱ្យធ្វើជាឪពុកក្នុងពិធីមង្គលការនោះទេ គឺគេមានអ្នកជំនួសទៅហើយ អ៊ីចឹងពេលនោះ លោកចង់ប្តូរចិត្តទៅចិនវិញ តែមានបងប្អូនឃាត់ថា ឱ្យនៅជួយគ្នាដល់ត្រើយទៅ។លោកថា សាច់ញាតិខាងលោករបស់សុគន្ធកញ្ញា មួយចំនួន មិនបានទៅចូលរួមទេ ព្រោះតែមិនរាប់អានគ្នា ហើយសម្រាប់លោកពិតជាតូចចិត្តមែន ព្រោះអីថ្ងៃការកូននោះ លោកទៅដូចជាភ្ញៀវ ឬមិនដឹងថាគេចាត់ទុកជាអ្វីទេ។ លោកឱក បូនី បន្តទៀតថា ក្រោយមកលោកអានសៀវភៅធម៌ និងស្តាប់ធម៌ផង ហើយត្រូវគេចេះតែសួររឿងថា កូនស្រីមានដែលមកលេង ឬសួរសុខទុក្ខលោកអត់? លោកចេះតែមានអារម្មណ៍តូចចិត្តណាស់ ដែលពេលនេះកូនស្រីមិនដែលសូម្បីទូរស័ព្ទសួរសុខទុក្ខឪពុកសោះតែម្តង គឺស្ងាត់ឈឹង។ អ្នកខ្លះថា លោកមានផ្ទះនៅ មានឡានជិះ ដោយសារតែកូនស្រីជួយ តែលោកមិនចង់បានអ្វីពីកូននោះទេ គឺលោកមានជីវភាពសមរម្យហើយ តែអ្វីដែលលោកចង់បានបំផុតពីកូនស្រីសុគន្ធកញ្ញា នោះ គឺចង់ឱ្យនាងស្គាល់ឪពុកចេះសួរសុខទុក្ខឪពុក ម៉េចហើយខ្លះផង? នោះជាអ្វីដែលលោកត្រូវ ការហើយ លោកនឹងអស់ចិត្តហើយ បើឮពាក្យទាំងនោះ តែរហូតមកដល់ពេលនេះគ្មានពាក្យទាំងនោះទេ…។
យ៉ាងណា នៅថ្ងៃនេះ តារាចម្រៀងឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារមួយដែរថា “បងប្អូនអើយ.. ទឹកមុខនេះមិនមានគិតអីទេណា.. គឺពេលនោះផ្ដោតអារម្មណ៍ស្ដាប់ក្រុមការងារប្រាប់ថាឲ្យធ្វើអីបន្តទៀតទេ.. ញញឹមឲ្យច្រើនទើបមានសិរីសួស្តី”៕