អ្នកគាំទ្រ ក៏ដូចជាសមាជិកអតីតបក្សសង្គ្រោះជាតិ កំពុងបង្វែរទិសដៅរបស់ខ្លួន ទៅចូលរួមជាមួយបក្សខ្មែរស្រឡាញ់ជាតិ

(ភ្នំពេញ) ៖ លោក ជីវ កត្តា ប្រធានបណ្ដោះអាសន្នគណបក្សខ្មែរស្រឡាញ់ជាតិ បានអះអាងថា មកដល់ពេលនេះ អ្នកគាំទ្រ ក៏ដូចជាសមាជិក សមាជិកា នៃអតីតបក្សសង្គ្រោះជាតិ បាននិងចូលរួមជាមួយបក្សខ្មែរស្រឡាញ់ជាតិយ៉ាងច្រើន ដើម្បីសម្រេចក្តីបំណងរបស់ខ្លួនទៅថ្ងៃអនាគត ដោយមិនរង់ចាំអតីត CNRP នោះឡើយ។

ការលើកឡើងរបស់លោក ជីវ កត្តា បានធ្វើឡើងនៅក្នុងពិធីសូត្រមន្ត និងលើកស្លាកទីស្នាក់ការកណ្ដាលគណបក្សខ្មែរស្រឡាញ់ជាតិ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ លោកថ្លែងថា ក្រោយពីគណបក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ គណបក្សខ្មែរស្រឡាញ់ជាតិ បានរៀបចំក្រុមការងារ ក៏ដូចជារចនាសម្ព័ន្ធ ឃុំ សង្កាត់ បានចំនួន១៣ រាជធានី ខេត្ត រួចមកហើយ សុទ្ធតែខេត្តធំៗនៅទូទាំងប្រទេស ហើយសមាជិកសមាជិកា ដែលចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិភាគច្រើនបំផុត គឺចេញមកពីអតីតគណបក្សសង្គ្រោះជាតិ (CNRP)។ ជាមួយគ្នានោះ លោកបានអំពាវនាវទៅដល់អតីតសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ដែលត្រូវបានតុលាការកំពូលប្រកាសរំលាយទៅហើយនោះ ឲ្យចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ។ លោក ជីវ កត្តា បញ្ជាក់ថា “ពេលនេះផ្ទះថ្មីរបស់យើងបានសាងសង់រួចហើយ ដូច្នេះត្រូវចូលមកជ្រកក្នុងផ្ទះថ្មី ដើម្បីបន្តស្មារតីសង្គ្រោះជាតិបន្តទៅទៀត។ នៅពេលដែលយើងជាប់ស្រមោលអតីតកាល យើងតែងតែមានការភ័យខ្លាច ដូច្នេះឥឡូវនេះផ្ទះថ្មីរបស់យើងមានហើយ ដូច្នេះត្រូវចូលមកជ្រក ដើម្បីធ្វើសកម្មភាព ឲ្យមានការផ្លាស់ប្ដូរនៅប្រទេសកម្ពុជា។ គណបក្សខ្មែរស្រឡាញ់ជាតិបង្កើតវប្បធម៌នយោបាយថ្មីប្រកាន់យកវប្បធម៌អហិង្សា មិនគុំកួន មិនលេបពណ៌ គឺប្រើធម៌អហិង្សា មិនមានការគុំកួនគ្នា គឺដើរទៅមុខដោយក្តីញញឹមជានិច្ច”។

សូមបញ្ជាក់ថា គណបក្សខ្មែរស្រលាញ់ជាតិ ត្រូវបានបង្កើតឡើង ដោយក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន ដែលទទួលបាននីតិសម្បទានយោបាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនាពេលខាងមុខ។ ក្រុមអតីតថ្នាក់ដឹកនាំ CNRP មួយក្រុមនេះ មានលោក ជីវ កត្តា, លោក ស៊ឹម សុវណ្ណនី, លោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន ជាដើម។ លោក ជីវ កត្តា ធ្លាប់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែត ស្តីពីការបង្កើតគណបក្សថ្មីនេះថា មូលហេតុដែលក្រុមអតីតថ្នាក់ដឹកនាំនៃអតីត CNRP សម្រេចរួមគ្នាបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិនេះឡើង ដោយសារមើលឃើញថា ក្រុមអ្នកស្នេហាប្រជាធិបតេយ្យបានបែកបាក់គ្នាយ៉ាងខ្លាំង ហើយគណបក្សថ្មីនេះ គឺជាគណបក្សដែលប្រកាន់គោលការណ៍អហិង្សា និងធ្វើនយោបាយតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងបន្តគោលនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds