ក្រសួងសាធារណការ និងអជ្ញាធរខេត្តសៀមរាបនឹង កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែក្នុងក្រុងសៀមរាប

(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែង ៩៨.៣៤ គ.ម ក្នុងក្រុងសៀមរាបត្រូវបានសិក្សាក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណ្ឌភាពទីក្រុងសៀមរាបឲ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយ​សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប។

 នៅក្នុងកិច្ចប្រជុំពិភាក្សារវាងឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅនេះបានឲ្យដឹងថា ក្រសួងសាធារណ ការ និងដឹកជញ្ជូនរួមជាមួយអភិបាលខេត្តសៀមរាបបានប្រជុំពិភាក្សា ពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨.៣៤ គ.ម ក្នុងនោះផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គ.ម និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។

ឯកឧត្តមទេសរដ្ឋមន្ដ្រីបានលើកឡើង គម្រោងដែលក្រសួង កំពុងជួសជុល កែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងរួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម បំបែកពីផ្លូវជាតិលេខ៦ ត្រង់គ.ម ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F និងគម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប មានប្រវែង៤៥គ.ម ចាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុច គ.ម២៩១ ដល់គ.ម ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង។ ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាបផងដែរ។

សូមបញ្ជាក់ផងដែរថា៖ គម្រោងសិក្សាផ្លូវទាំង ៣៨ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds