ឃាត់បានគ្រឿងញៀនជិត៣០គីឡូក្រាម ត្រៀមឆ្លងដែនចូលកម្ពុជាបង្កការភ្ញាក់ផ្អើល
(បន្ទាយមានជ័យ)៖ ប្រតិបត្តិការចាប់គ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិថៃមួយជាប់បន្ទាត់ព្រំដែន គឺភូមិថាខាម ឃុំថាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ គឺទល់មុខនឹងទឹកដីកម្ពុជា សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចខេត្តស្រះកែវ ប្រទេសថៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ពន្ទ័ការដឹកជញ្ជូន គ្រឿងញៀនប្រមាណ២៩គីឡូក្រាម ដែលបម្រុងនាំឆ្លងដែនចូលមកប្រទេសកម្ពុជា ។
ដំបូងសមត្ថកិច្ចថៃចាប់បានជនសង្ស័យប្រុសស្រី០២នាក់ជាមួយម៉ូតូមួយគ្រឿង ដែលដឹកជញ្ជូនថ្នាំញៀនប្រភេទម៉ាទឹកកក២៩ដុំ ទម្ងន់២៩.០០០ក្រាម មានតម្លៃស្មើ៣០លានបាត លាក់នៅក្នុងកាបូបចំនួន០២ ។
ប្រភពបានបន្តឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនហើយសាកសួរ ពួកគេទាំង២នាក់បានឆ្លើយថា បម្រុងយកឆ្លងដែនចូលមកប្រទេសកម្ពុជា ។
ក្នុងការបង្ក្រាបថ្នាំញៀនទ្រង់ទ្រាយធំនេះ សមត្ថកិច្ចថៃ បានឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ផ្សេងទៀតសរុប៥នាក់ ។ បង្ក្រាបនេះគឺនៅលើទឹកដីប្រទេសថៃ ហើយជនសង្ស័យមិនមែនជាខ្មែរនោះទេ ប៉ុន្តែបើថ្នាំញៀនទាំងនេះឆ្លងដែនចូលដល់ប្រទេសកម្ពុជាបាននោះ មិនដឹងទៅជាយ៉ាងណាឡើយ ព្រោះ២៩គីឡូក្រាមពិតជាច្រើនណាស់ ៕