ការរដ្ឋានសំណង់ស្ពានអាកាស និងផ្លូវខាងក្រោមដីចោមចៅសម្រេចបាន៤២ភាគរយហើយ

(ភ្នំពេញ)៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអះអាងថា មកដល់ពេលនេះសំណង់ស្ពានថ្នល់នៅផ្លូវបំបែកចោមចៅផ្នែកផ្លូវខាងក្រោមដីនឹងស្ថាបនារួចរាល់នៅចុងខែកក្កដាខាងមុខនេះ បន្ទាប់មកក្រុមការងារនឹងបន្តសាងសង់ស្ពានអាកាសបន្តទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៏ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យកោះសន្តិភាពដឹងថា ផ្នែកក្រោមដី បានសាងសង់ស្ទើរតែរួចរាល់ហើយដូចជាអាងក្រោមដីចំនួន២ ផ្លូវក្រោមដីចំនួន២ និងការពង្រីកផ្លូវសងខាង។ លោកបន្តថា ក្រុមជំនាញកំពុងមមាញឹកក្នុងការស្ថាបនាគម្រោងនេះឲ្យហើយតាមផែនការ បើទោះបីជារដូវវស្សាឈានចូលមកដល់ ដែលបង្កឲ្យមានផលប៉ះពាល់នូវដំណើរការស្ថាបនាបន្តិចមែន ប៉ុន្ដែមិនមែនជាឧបសគ្គដល់ការសាងសង់នោះទេ ដោយខាងមន្ទីរសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជំរុញឲ្យការងារនេះរួចរាល់តាមការកំណត់ ដែលផ្នែកផ្លូវក្រោមនឹងរួចរាល់ជាស្ថាពរនៅចុងខែកក្កដាខាងមុខនេះ។ លោក សាំ ពិសិដ្ឋ បញ្ជាក់ថា «ឆាប់ៗនេះយើងហ្នឹងឡើងផុតផ្លូវក្រោមដីទៅ យើងនិងមានភាពធូរស្រាលហើយ ដោយមិនមានភាពលំបាកអ្វីទៀតនោះទេ ដោយយើងកំពុងតែជំរុញ ផ្លូវក្រោមដីស្ថាបនារួចរាល់នៅខែកក្កដា ផុតពីហ្នឹងទៅយើងនិងមានភាពងាយស្រួល និងមានការលំបាកខ្លះនៅផ្លូវក្រោមដីពេលមេឃភ្លៀង»។

សូមបញ្ជាក់ថា ផ្លូវក្រោមដី គឺជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លង សម្រាប់រថយន្ត និងមួយគន្លងទោចក្រយានយន្ត ចំណែកផ្លូវក្រោមដីមួយទៀត ជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ជាមួយគ្នានេះ គម្រោងនេះនឹងមានស្ពានអាកាសចំនួន៣ខ្សែបន្ថែមទៀត ដែលមានស្ពានអាកាសមេទី១ តភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៣ ដោយមានប្រវែងសរុប៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ មានចរាចរចំនួនពីរគន្លងទៅ និងចំនួនពីរគន្លងមក។ ស្ពានអាកាសទី២ គឺបំបែកចេញពីស្ពានអាកាសមេទី១ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់តែចរាចរណ៍មួយទិសប៉ុណ្ណះ ដោយមួយគន្លងសម្រាប់ថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ និងមានទទឹង៥,២៥ម៉ែត្រ។ 

ចំណែកស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ មានទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ គួររំលឹកថា សំណង់ស្ពានអាកាស និងផ្លូវក្រោមដី អតីតរង្វង់មូលចោមចៅនេះ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ដែលត្រូវចំណាយថវិកាប្រមាណ២២លានដុល្លាអាមេរិក អនុវត្តដោយក្រុមហ៊ុនម៉ៅការ OCIC របស់លោកឧកញ៉ា ពង់ ខៀវសែ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds