លោក ពេជ្រ ស្រស់៖ បក្សយុវជនកម្ពុជានឹងមានគោលនយោបាយផ្តល់ថវិកាទ្រទ្រង់ជីវភាពពលរដ្ឋយ៉ាងតិច៣៥%(70$/១នាក់) នៃប្រាក់ចំណូលរបស់ពលរដ្ឋពេលប្រទេស និងពលរដ្ឋជួបគ្រោះអាសន្ន
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ គណបក្សយុវជនកម្ពុជា ដែលមាន លោក ពេជ្រ ស្រស់ ជាប្រធានគណបក្ស នោះបានប្រកាសដាក់ចេញនូវគោលនយោបាយថ្មីមួយបន្ថែមទៀតនោះគឺទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរនៅពេល ប្រទេសជួបគ្រោះអាសន្នយ៉ាងហោចក៏៣៥% នៃប្រាក់ចំណូលប្រាក់ខែប្រចាំខែរបស់ប្រជាពលរដ្ឋ ។
នេះបើយោងទៅតាមសំណេររបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដ៏មានប្រជាប្រិយរូបនេះបានសរសេរថា «គណបក្សយុវជនកម្ពុជានឹងមានគោលនយោបាយ ថ្មីមួយ បន្ថែមទៀតគឺទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរនៅពេលប្រទេសជួបគ្រោះអាសន្ន ហើយរបបទ្រទ្រង់នឹងកំណត់ឲ្យបានយ៉ាងហោចក៏៣៥% នៃប្រាក់ចំណូលប្រាក់ខែប្រចាំខែ របស់ប្រជាពលរដ្ឋដែរ ដោយគិតជាមធ្យមដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋមានលទ្ធភាពដោះ ស្រាយជីវភាពពេលពលរដ្ឋ និងប្រទេសជួបគ្រោះអាសន្ននោះ» ។ លោកបានទាញជាឧទាហរណ៍ថា បើប្រាក់ខែគោលនៃពលរដ្ឋបាន200$ក្នុងមួយខែគឺយក 200$ x 0.35% = 70$ ដូច្នេះពលរដ្ឋនឹងទទួលបាននូវ ថវិកា 70$ ក្នុង១នាក់នៅពេលគណបក្សយុវជនដឹកនាំប្រទេស។
លោក ពេជ្រ ស្រស់ បានបន្ថែមទៀតថាចំពោះគោលនយោបាយថ្មីនេះ លោកផ្ទាល់ ក្នុងនាមជាប្រធានគណបក្សយុវជនកម្ពុជា នឹងស្នើដាក់ជារបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំបូកសរុបការងារនាទូទាំងប្រទេសរបស់ គណបក្សរបស់លោក នៅថ្ងៃទី២៨ ខែមិថុនា ២០២០ខាងមុខនេះ ។ ដូច្នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងបញ្ហាជីវភាពដោយប្រការផ្សេងៗដូចជាករណីបញ្ហាប្រឈមដោយជំងឺកូវីដនេះជាដើម៕