អ្នកដំណើរមកពីក្រៅប្រទេសជាង១ម៉ឺននាក់ បានធ្វើតេស្ដរកកូវីដ១៩ គិតចាប់ពីអនុញ្ញាតឱ្យជនបរទេសទាំង៦ប្រទេស អាចចូលមកកម្ពុជាវិញ

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងថា អ្នកដំណើរពីក្រៅប្រទេសចំនួន១២,៦០០នាក់ ដែលបានត្រឡប់ចូលមកកម្ពុជា និងបានធ្វើតេស្ដរកមេរោគកូវីដ១៩ទាំងអស់ គិតចាប់ពីកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

លោកស្រី យក់ សម្បត្ដិ បានថ្លែងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះទៀតថា «គិតចាប់ត្រឹមព្រឹកនេះ អ្នកដំណើរពីក្រៅប្រទេសគ្រប់ជាតិសាសន៍ទាំងអស់ សរុប ១២,៦០០នាក់ហើយ ដែលបានធ្វើដំណើរចូលមកកម្ពុជា ហើយរាល់អ្នកដំណើរទាំងអស់ គឺត្រូវបានធ្វើតេស្ដរកមេរោគកូវីដ១៩ ដោយមិនលើកលែងនរណាម្នាក់ឡើយ រាល់អ្នកធ្វើដំណើរទាំងអស់ គឺត្រូវអនុវត្ដតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល»។

លោកស្រីថ្លែងបន្ដថា «ទោះបីជាមានអ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជាកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ និងជើងហោះហើរពេលយប់ក្ដី ក្រុមមន្ដ្រីសុខាភិបាលរបស់យើង នៅតែបន្ដធ្វើការងារធ្វើតេស្ដនេះ ពេញ២៤ម៉ោង ដោយមិនរួញរានឡើយ។ ជាក់ស្ដែងកាលពីយប់មិញនេះ មានជើងហោះហើរពីកូរ៉េ យើងបានធ្វើការជាមួយសាលារាធានីភ្នំពេញ បែងចែងសម្រាប់កន្លែងស្នាក់នៅ បន្ទាប់ពីធ្វើតេស្ដរកកូវីដ១៩រួចរបស់អ្នកដំណើរទាំងយប់ ដើម្បីការពារទប់ស្កាត់រីករាលដាលកូវីដ១៩»

សូមជម្រាបថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ធ្វើដំណើរពីអាមេរិកត្រឡប់មកកម្ពុជា។ ដូច្នេះ គិតត្រឹមថ្ងៃនេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់)។

ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ (ស្មើនឹង ៩៧.៦៩% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៣៩នាក់ និងបុរស៨៨នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៣នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី, បុរសជនជាតិខ្មែរ វិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី និងបុរសខ្មែរ មានសញ្ជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds