ក្រុមហ៊ុនជប៉ុនចំនួន១០ ប្ដេជ្ញាជំរុញវិស័យដាំដុះ និងនាំចេញបន្លែរបស់កសិករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា «Made in Cambodia or Product of Cambodia»
(ភ្នំពេញ)៖ ក្រុមហ៊ុនជប៉ុនចំនួន ១០ បានបង្ហាញចំណាប់អារម្មណ៍មកលើវិស័យកសិកម្មនៅកម្ពុជា ធ្វើយ៉ាងណាឲ្យផលិតផលកសិកម្មមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារមានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។
បញ្ហានេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាង ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito (ស្ថាបនិក និងជានាយកក្រុមហ៊ុន) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ។ នាឱកាសដ៏ពិសេសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសមកដល់ ប្រទេសកម្ពុជាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ ធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈ ហើយក្នុងនោះក៏មានវិស័យកសិកម្មមួយផងដែរ។ ជាក់ស្តែង ជំនួយឥតសំណងនៃមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែដែលត្រូវដាក់សម្ភោធឲ្យប្រើ ប្រាស់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកណ្តាល គឺជាសក្ខីភាពមួយទៀតបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវ សណ្តានចិត្តដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះកម្ពុជាដែលកំពុងអនុវត្តនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យក្នុងគោលដៅធ្វើទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេស ជាតិ ដើម្បីផលប្រយោជន៍ប្រជាជនប្រកបដោយសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា គម្រោងវិនិយោគលើផលិតកម្មបន្លែនេះ គឺស្របពេលដែលអ្នកបរិភោគ កំពុងផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ ដូច្នេះ ដើម្បីឆ្លើយតប និងបំពេញតម្រូវការនៃបរិបទថ្មីនេះ តម្រូវឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និតពីគ្រប់ដៃគូពាក់ព័ន្ធតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។
ទន្ទឹមនឹងនេះដែរ Dr. Nabeshima បានជ្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា កសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពនៅឡើយតាំងពីចំណុចចាប់ផ្តើម (ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន) និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ។ ហេតុផលទាំងអស់នេះ គឺជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានទៅតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។ ដោយឃើញច្បាស់អំពីចំណុខ្វះខាតទាំងអស់នេះ ក្រុមហ៊ុនជប៉ុនចំនួន ១០ ប៉ុន្តែថ្ងៃនេះមានវត្តមានតែ ៥ គឺតំណាក្រុមហ៊ុន IT លើវិស័យផលិតកម្មបន្លែ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្ត ឧបករណ៍ និងសម្ភារបម្រើឱ្យវិស័យផលិតកម្មបន្លែ ក្រុមហ៊ុន Nippon Express (Cold Chain Logistics) ក្រុមហ៊ុនផលិតជី និងក្រុមហ៊ុនគ្រាប់ពូជ និងចែកចាយ បានអញ្ជើញមកជួបឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ។ តាមរយៈតំណាងក្រុមហ៊ុននីមួយៗ បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថានឹងចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលកសិករកម្ពុជាកំពុងជួបប្រទះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងទិសដៅរួមគ្នាមួយគឺផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់ គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia៕