ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសអនុវត្តន៍កម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។
ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសកលលោកកំពុងបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ សម្រាប់កម្ពុជា ក៏ដូចគ្នាផងដែរ សេដ្ឋកិច្ចបានជួបឱនភាពមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋកម្ពុជា ក៏បានជួបការលំបាកផងដែរ ព្រោះតែជំងឺកូវីដ១៩ ធ្វើឱ្យបាត់បង់ចំណូលប្រចាំខែ។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកងាយគ្រោះក្នុងកំលុងពេលកើតជំងឺកូវីដ១៩។ កាលពីខែឧសភា កន្លងទៅនេះ រាជរដ្ឋាភិបាល បានណែនាំទៅកាន់ក្រុមការងារថ្នាក់ជាតិទាំងអស់ឱ្យចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណគ្រួសារក្រីក្រកំលុងពេលជំងឺកូវីដ១៩ រាតត្បាត ដើម្បីរាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ជួយសម្រួលការលំបាករបស់ពួកគេ។
ក្នុងអនុក្រឹត្យ ក៏បានបញ្ជាក់ផងដែរថា ចំនួនទឹកប្រាក់ ត្រូវផ្តល់ជូនក្នុងមួយខែមានចន្លោះពី១៦,០០០រៀល ទៅដល់១២០,០០០រៀល។ កម្រិតសាច់ប្រាក់ ដែលត្រូវឧបត្ថម្ភនេះ ធ្វើឡើងតាមប្រភេទគ្រួសារក្រីក្រក្នុងកម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមប្រភេទគ្រួសារនៅក្នុងរាជធានី និងជនបទផងដែរ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds