ស្ត្រីទាំងឡាយត្រូវប្រយ័ត្ន ! ថ្នាំជួយឲ្យប្រដាប់ភេទស្ត្រីវិលមករកសភាពដើមដូចក្រមុំដែលកំពុងផ្សាយលើបណ្ដាញសង្គម អាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ ដែលអាចហៅថាពិការផ្លូវភេទ
(សុខភាព)៖ បច្ចុប្បន្ននៅតាមបណ្ដាញសង្គមហ្វេសប៊ុកមានការលក់ថ្នាំសុល ថ្នាំលាប ថ្នាំបន្តក់ ដែលជួយឲ្យប្រដាប់ភេទស្ត្រីវិលមករកសភាពដើមដូចក្រមុំម្ដងទៀត។ ចំពោះបញ្ហានេះលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ថ្នាំសុលដែលគេផ្សព្វផ្សាយនោះគ្មានប្រសិទ្ធភាពដូចអ្វីដែលអ្នកនាំចូលផលិតផលបង្ហោះប្រាប់ឡើយ ហើយថ្នាំទាំងអស់នោះភាគច្រើន មិនត្រូវបានអនុញ្ញាតឲ្យលក់ និងប្រើប្រាស់ពីក្រសួងសុខាភិបាលទេ។
លោកបានបន្តទៀតថា ផលិតផលដែលបាន និងកំពុងផ្សាយថា ជួយឲ្យប្រដាប់បន្តពូជវិលមក តឹងហាប់ណែនដូចក្រមុំម្ដងទៀត ហើយជួយមិនឲ្យធ្លាក់ស បំបាត់ក្លិន ពិតជាប៉ះពាល់ចំពោះសុខភាពដែលអាចបំផ្លាញប្រដាប់ភេទស្ត្រីឲ្យរលាក រលួយ ស្អិត ហើម ស្ងួត រមាស់ រលាក អាលែកហ្ស៊ី បើករណីធ្ងន់ធ្ងរកើតជាជំងឺមហារីកទៀត។ បន្ថែមពីនោះថ្នាំដែលគេផ្សព្វផ្សាយថាជួយឲ្យដូចក្រមុំម្ដងទៀត អាចបង្កឲ្យមានមេរោគត្រង់ចំណុចនោះ ថែមទាំងមានការរំខានដល់អ័រម៉ូនរបស់ស្ត្រី អាចបង្កទៅជាជំងឺកាមរោគ ដែលអាចចម្លងទៅដៃគូ មានជំងឺរោគស្ត្រីមិនងាយព្យាបាល ក៏មិនសង្ឃឹមថាអាចជា ត្រលប់មកធម្មតាវិញទេ (ពិការផ្លូវភេទ) រហូតដល់ប្រហែលលែងរួមភេទបានជារៀងរហូតហើយ។
វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រីបានអោយដឹងថា មុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំអស់ទាំងនោះ យើងគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ព្រោះអ្នកដែលណែនាំឲ្យប្រើប្រាស់លើបណ្ដាញសង្គមទាំងនោះគ្មានជំនាញ គ្មានសញ្ញាប័ត្រពាក់ព័ន្ធឡើយ ហើយអ្នកដែលគេជួលមកផ្សាយក៏មិនបានសិក្សាលម្អិត និងមិនសូវមានចំណេះដឹងគ្រប់គ្រាន់ផ្នែករោគស្រ្តី។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ៕