រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ចេញសាច់ប្រាក់ប្រមាណ ២៥ លានដុល្លារជារៀងរាល់ខែ ដើម្បីជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

ក្នុងឱកាសពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងបញ្ចេញសាច់ប្រាក់ប្រមាណ ២៥ លានដុល្លារក្នុងមួយខែៗ ដើម្បីជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

នាឱកាសនោះសម្ដេច​នាយករដ្ឋមន្រ្តី​បានចង្អុលបង្ហាញថា សម្ដេចនឹងប្រកាសវិធានការណ៍ថ្មី ដើម្បីផ្ដល់ជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណជាង ៦០ម៉ឺនគ្រួសារក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលមានជំងឺរាតត្បាត។ សម្ដេចបានបន្តថា ទោះបីការរីករាលដាលនេះបណ្តាលឱ្យមានការកាត់បន្ថយប្រាក់ចំណូលជាតិ ក៏ដោយរដ្ឋាភិបាលនឹងមិនទុកឱ្យប្រជាជនអត់ឃ្លានរហូតដល់ស្លាប់នោះឡើយ។

យ៉ាងណាមិញដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះរដ្ឋាភិបាលបានស្នើឱ្យក្រសួងផែនការ និងមន្ទីរពាក់ព័ន្ធធ្វើការស៊ើបអង្កេតឡើងវិញនិងធ្វើបច្ចុប្បន្នភាពចំនួនគ្រួសារដែលមានប័ណ្ណក្រីក្រ នៅថ្ងៃទី ២៥ ខែឧសភាកន្លងទៅនេះ។ ហើយបើយោងតាមស្ថិតិចុងក្រោយនេះ បច្ចុប្បន្នមានគ្រួសារចំនួន ៥៦២,៦៨៦ គ្រួសារដែលមានប័ណ្ណក្រីក្រនៅក្នុងប្រទេស ដែលស្មើនឹង ២.៣ លាននាក់ ឬ ១៥% នៃប្រជាជនកម្ពុជាសរុប។ បន្ថែមពីនេះរដ្ឋាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃទី១២ ខែមិថុនានេះថា ខ្លួនបានបើកដំណើរការជាផ្លូវការដំណាក់កាលទី២ នៃកម្មវិធី “សាច់ប្រាក់សម្រាប់កម្មវិធីការងារ” ដែលគ្រោងនឹងផ្តល់ជូនកម្មករចំនួន ៨៩ ម៉ឺននាក់នូវឱកាសការងាររយៈពេលខ្លីនៅឆ្នាំនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds