ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល
នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ៣០ភាគរយហើយ។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលនឹងសាងសង់ចរាល់នៅឆ្នាំ២០២៣ ខាងមុខ។
វត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនរបស់ប្រទេសចិន។
ព្រលានយន្តហោនេះជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕