សត្វស្វាកាន់តែមានតម្លៃខ្លាំង ខណៈ​ដែលអ្នកវិទ្យាសាស្រ្ត​ត្រូវ​ការច្រើន​សម្រាប់​តេស្តវ៉ាក់សាំងកូវីដ១៩

(បរទេស)៖ ក្នុងមន្ទីរពិសោធន៍​មួយ​របស់​ប្រទេស​ចិន​ អ្នក​វិទ្យាសាស្ត្រ​កំពុង​ខិតខំ​បង្កើត​វ៉ាក់សាំង​វីរុស​កូរ៉ូណា​ និងកំពុងជួប​បញ្ហា​សត្វ​ស្វា​ឡើង​ថ្លៃ ដោយ​ថាសត្វស្វាមាន​ចំនួនមិន​គ្រប់គ្រាន់​សម្រាប់ធ្វើ​​តេស្ដ ខណៈវ៉ាក់សាំងនេះ​គ្រោង​នឹង​ធ្វើ​ការ​តេស្ដ​លើ​មនុស្ស​នៅ​បរទេស​ផង​ដែរ។​ ក្រុមហ៊ុន Yisheng Biopharma មាន​ទីតាំង​នៅ​ទីក្រុង Shenyang ដែល​​ត្រូវ​បាន​ស្គាល់​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ឆ្កែឆ្កួត បាន​ខិតខំ​បង្កើត​វ៉ាក់សាំង​វីរុស​កូរ៉ូណា​ថ្មី​នេះតាំង​ពី​មាន​ការ​ផ្ទុះឡើង​កាល​ពី​ខែ​មករា​មក​ម្លេះ។

វ៉ាក់សាំង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តេស្ដ​លើ​សត្វ។ ក្រោយ​ពី​ចាក់​ទៅ​លើ​ទន្សាយ និង​កណ្ដុរ​ គេ​ទទួល​បាន​លទ្វផល​ល្អ​ដោយ​សត្វ​ទាំងនេះ​មាន​កម្រិត​អង់ទីករ​ខ្ពស់។ វ៉ាក់សាំង​នេះ​គឺ​មិន​ត្រឹមតែ​ការពារអ្នកមាន​សុខភាព​ល្អ​ពី​ការ​ឆ្លង​វីរុស​ទេ តែ​នៅអាច​ព្យាបាល​អ្នក​ជំងឺ COVID-19 ទៀត​ផង។

សម្រាប់វ៉ាក់សាំងនេះ ដំណាក់​កាល​បន្ទាប់​គឺ​តេស្ដ​ទៅ​លើ​សត្វ​ស្វា​ដែល​សត្វ​ស្វាចេះតែ​មាន​តម្លៃ​​កើន​ឡើង​ខ្លាំង​ដោយសារ​ការ​កើន​ឡើង​នៃ​តម្រូវការ​ពី​មន្ទីរពិសោធន៍​ផ្សេងៗ។ ក្រុមហ៊ុន Yisheng ធ្លាប់​ទិញ​សត្វ​ស្វា​មួយ​ក្បាល​តម្លៃ​ចន្លោះ $១ ៤០០ ទៅ $២ ៨០០ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃសត្វស្វា​ឡើង​គុណនឹង​ដប់ទៅហើយ។ ប្រទេស​ចិន​គឺ​ជា​អ្នក​ផ្គត់ផ្គង់​សត្វ​ស្វា​ដល់មន្ទីរពិសោធន៍នានា​​ដ៏​ធំ​មួយ​ដែល​នាំ​ចេញ​សត្វស្វា​ ២០ ០០០ក្បាល​កាល​ពី​ឆ្នាំ​ទៅ និង​ប្រើប្រាស់​សត្វស្វា​ក្នុង​ការ​ស្រាវជ្រាវ​ក្នុង​ប្រទេស ១៨ ០០០ក្បាល។

ក្រុមហ៊ុន Yisheng បាន​ចំណាយ​ទឹកប្រាក់ប្រហែល ៣លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ផលិត​វ៉ាក់សាំង​ជាមួយ​នឹង​គម្រោង​ផលិត​វ៉ាក់សាំង​នៅ​ប៉ុន្មាន​ខែ​បន្ទាប់ដែល​រំពឹងថា​អាច​ដាក់​ឲ្យ​ប្រើប្រាស់​បាន​ក្នុង​ឆ្នាំ​នេះ។ ម៉្យាងទៀត​ ក្រុមហ៊ុន​ក៏​គ្រោង​នឹង​តេស្ដ​សាកល្បង​លើ​មនុស្ស​នៅ​សហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេស​សិង្ហបុរី និង​ប្រទេស​អូស្ត្រាលីផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds