ប្រភពពីបរទេសបង្ហាញថា វីរុសកូរ៉ូណាមាននៅក្នុងប្រភពទឹកស្អុយនៅប្រទេសអ៊ីតាលី តាំងពីខែធ្នូ ឆ្នាំ២០១៩
(អន្តរជាតិ)៖ យោងតាមការចុះផ្សាយលើសារព័ត៌មាន BBC បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រអ៉ីតាលីបាននិយាយថា ទឹកស្អុយពីទីក្រុងចំនួន ២ មានផ្ទុកនូវមេរោគ COVID-19 ដែលបង្កឡើងដោយវីរុសកូរ៉ូណា តាំងតែពីខែធ្នូមកម៉្លេះ មុនពេលដែលប្រទេសនេះបានរាយការណ៍ពីករណីដំបូងរបស់ខ្លួននៅពាក់កណ្ដាលខែកុម្ភៈ ខណៈចិនមានវត្តមាននៅចុងខែធ្នូឆ្នាំ២០១៩។ វិទ្យាស្ថានសុខភាពជាតិ (ISS) បាននិយាយថា ទឹកពីទីក្រុងមីឡាន និងក្រុងទូរីន បានបង្ហាញពីដានវីរុសនៃជំងឺ COVID-19 នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយការរកឃើញនេះមានន័យថា វីរុសមានវត្តមានលឿនជាងការគិតរបស់យើងពីមុនទៅទៀត។
កាលពីខែឧសភា ឆ្នាំ២០២០ អ្នកវិទ្យាសាស្ត្របារាំងបាននិយាយថា ជំងឺ COVID-19 ការពិតមាននៅប្រទេសបារាំងតាំងតែពីខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលអ្នកជំងឺម្នាក់បានរលាកសួត ហើយបានស្វែងរកការព្យាបាលនៅជិតទីក្រុងប៉ារីស កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ កាលនោះគ្រូពេទ្យមិនបានចាប់អារម្មណ៍ថា វាជាមេរោគថ្មីនោះទេ លុះក្រោយធ្វើការពិនិត្យលទ្ធផលសំណាកម្ដងទៀត ទើបគេដឹងថាអ្នកជំងឺម្នាក់នោះមានជំងឺ COVID-19។
ទន្ទឹមនឹងនេះដែរនៅប្រទេសអេស្ប៉ាញ ការសិក្សាមួយបានរកឃើញថា ពួកគេបានរកឃើញដានវីរុសកូរ៉ូណានៅក្នុងទឹកស្អុយដែលប្រមូលបាននៅពាក់កណ្តាលខែមករា នៅទីក្រុងបាសេឡូណា ពោលគឺប្រហែលជា ៤០ថ្ងៃ មុនពេលដែលករណីដំបូងនៅទីនោះត្រូវបានបញ្ជាក់។ នៅក្នុងការសិក្សានេះអ្នកវិទ្យាសាស្ត្ររបស់ ISS បានធ្វើតេស្ដលើទឹកស្អុយ ដែលពួកគេប្រមូលបានពីខែតុលា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ ហើយពួកគេរកឃើញថា ទឹកស្អុយនៅខែតុលានិងវិច្ឆិកាគឺអវិជ្ជមាន ប៉ុន្តែខែធ្នូគឺវិជ្ជមាន៕